ខេត្តសៀមរាប៖ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ថ្ងៃអាទិត្យ ទី១៣ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។
ក្រុមការងារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានចុះពិនិត្យមើលការប្រមូលផលបន្លែសុវត្ថិភាព របស់ក្រុមផលិត និងកសិករផ្ទះសំណាញ់ លោក យង់ លី (ទូរស័ព្ទ៖ ០៧៨ ៦១៤ ៨៥៨) ជាកសិករបង្ហាញ និងជាអនុប្រធានបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពតាត្រាវត្រពាំងថ្នល់ជោគជ័យស្រ្តីសាមគ្គី ដែលមានទីតាំងស្ថិតនៅភូមិតាត្រាវ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។
លោក យ៉ង លី បានដាំខាត់ណាផ្កាពណ៌លឿង និង ខាត់ណាផ្កាពណ៌ស លើផ្ទៃដីសរុប ប្រមាណ ៣០០០ម៉ែត្រការ៉េ។ ក្នុងថ្ងៃនេះគាត់បានប្រមូលផលខាត់ណាផ្កាលឿង ជាលើកដំបូងបានចំនួន ៦០គីឡូក្រាម ក្នុង១គីឡូតម្លៃ៤៥០០រៀល លក់ទៅអោយអ្នកប្រមូលទិញឈ្មោះ លោកស្រី សូរ ផល្លា (ទូរស័ព្ទ៖ ០៨៥ ៧៧៦ ៩៦៣) ដែលយកទៅលក់បន្តនៅផ្សារសាមគ្គី ក្នុងក្រុងសៀមរាប។ សូមជម្រាបថា៖ ខាត់ណាផ្កាពណ៌លឿងរបស់គាត់អាចប្រមូលផលបានចំនួន ១០ដងទៀតទើបអស់ តាមការប៉ាន់ស្មានការប្រមូលផលលើកក្រោយៗ អាចទទួលបានចាប់ពីចំនួន ១០០គីឡូក្រាមឡើងទៅ។
តាមការសង្កេតឃើញថា ក្នុងរដូវកាលបុណ្យចូលឆ្នាំចិននេះ បន្លែ ត្រី សាច់ លក់បានថ្លៃសមរម្យ អាចទទួលយកបាន ដែលធ្វើឱ្យកសិករសប្បាយចិត្តជាខ្លាំង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម