នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២២ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភះ ឆ្នាំ២០២២២ និងលើកទិសដៅអនុវត្តខែមីនា និងការងារត្រៀមសន្និបាតរដ្ឋបាលសាលាខេត្តនាពេលខាងមុខ ក្រោមអធិបតីភាពលោក ទា គឹមសុទ្ធ ប្រធានមន្ទីរ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ លោក.លោកស្រីប្រធានការិយាល័យចំណុះមន្ទីរ លោកនាយខណ្ឌ នាយផ្នែក រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ ព្រមទាំងលោក លោកស្រី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះលោកប្រធានមន្ទីរបានបញ្ជាក់ដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រមធ្វើការរាយការណ៍ដោយសង្ខេបពីបញ្ហាប្រឈមនានា ដើម្បីលើកយកមកធ្វើការដោះស្រាយក្នុងអង្គប្រជុំ។ ក្រោយពីមានការរាយការណ៍ពីបញ្ហាប្រឈមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធរួចមកលោកប្រធានមន្ទីរបានបូកសរុប និងដោះស្រាយការងារពាក់ព័ន្ធមួយចំនួនដូចខាងក្រោម: ១-ចំពោះបញ្ហាដំឡូងមី ដែលមានបញ្ហាត្រូវទឹកភ្លៀងបណ្ដាលឲ្យមានការបាត់បង់គុណភាពតាមបណ្ដាស្រុក ក្រុង ត្រូវណែនាំដល់ប្រជាកសិករឲ្យចេះតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ជៀសរាងការប្រមូលផលចំពេលមានភ្លៀង។ ២- ទាក់ទងការងារប្រមូលផលដំណាំស្រូវរបស់ប្រជាកសិករក្នុងតំបន់៣ ត្រូវស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន។ ៣-ចំពោះទិន្នន័យកសិកម្មត្រូវមានភាពស៊ីគ្នារវាងថ្នាក់ស្រុក និងថ្នាក់ខេត្ត ។ ៤-ចំពោះការងារព្រៃឈើលើដីកេសរកូល ត្រូវរៀបចំរបាយការណ៍ទៅរដ្ឋបាលខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ៥-ចំពោះបញ្ហាឡធ្យូងត្រូវសហការជាមួយអាជ្ញាធរមូលក្រុង ស្រុក ដើម្បីដោះស្រាយបញ្ហានេះ។ ៦-ការងារជលផលការចុះបេសកកម្មត្រូវមានរបាយការណ៍ដើម្បីមានមូលដ្ឋានក្នុងការរាយការណ៍ជូនថ្នាក់ដឹកនាំ។ ៧- ដោយឡែកសម្រាប់បទអន្តរាគមន៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសៀមរាប ត្រូវរៀបចំចំណុចសំខាន់តាមវិស័យនានា ដើម្បីផ្តល់ជូនរដ្ឋបាលសាលាខេត្តឲ្យទាន់ពេលវេលា។ ៨-គ្រប់វិស័យទាំងអស់ថ្នាក់ដឹកនាំត្រូវពិនិត្យមើលវត្តមានមន្ត្រីរាជការឲ្យបានខ្ជាប់ខ្ជួនតាមសហលក្ខន្តិកៈមន្ត្រីរាជការ និងមានមូលហេតុសមស្រប។ ៩-ការចុះសហការក្រុង ស្រុក ត្រូវរាយការណ៍មកមន្ទីរដើម្បីចៀសវាងការមានបញ្ហាផ្សេងៗ។ ១០.សូមការិយាល័យកសិកម្មគ្រប់ក្រុង ស្រុក ធ្វើបច្ចុប្បន្នភាពផ្ទៃដីធ្វើស្រែដែលប៉ះពាល់តំបន់៣។ កិច្ចប្រជុំនេះបានរៀបចំនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងតាមរយៈប្រពន្ធរូបភាព និងសំឡេង ZOOM សម្រាប់លោក លោកស្រីប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានក្រុង ស្រុក។