ថ្ងៃពុធ៧រោចខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តសៀមរាប តំណាងលោកប្រធានមន្ទីរ រួមជាមួយក្រុមទីប្រឹក្សាកម្មវិធីASPIRE ខេត្ត បានចុះសម្របសម្រួល និងអមដំណើរក្រុមបេសកកម្ម ដែលដឹកនំាដោយស៊ន វិចិត្រ ប្រធានក្រុមគាំទ្រលេខាធិការដ្ឋានកម្មវិធីASPIRE និងក្រុមការងាររបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)ដឹកនាំដោយលោកម៉េង សក្តិភូសិទ្ធ និងសហការី នៃកម្មវិធីASPIRE ក្នុងគោលបំណងប្រមូលធាតុចូលដើម្បីរៀបចំកម្មវិធី ASPIRE-AT ជំហ៊ាន២ ។ ក្រុមបេសកកម្មបានចុះពិភាក្សាជាមួយផ្ទាល់នៅកសិដ្ឋានរបស់កសិករឈាវ ហុង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ផ្ទះលោកព្រំ ម៉ន ប្រធានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ជ្រៃជើងជោគជ័យ ភូមិជ្រៃជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ក្នុងកិច្ចពិភាក្សាប្រមូលធាតុចូលនេះ ក្រុមបេសកកម្មបានសួរសំណួរមួយចំនួនពាក់ព័ន្ធនឹងលទ្ធភាពពង្រីកទីផ្សារ សមត្ថភាពនៃការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ទំនាក់រវាងក្រុមផលិតនិងវិស័យឯកជន និងឈ្មួញប្រមូលទិញគុណភាពនិងសុវត្ថិភាព នៃផលិតផលកសិកម្ម ព្រមទាំងយន្តការខ្សែច្រវ៉ាក់តម្លៃនានា ដែលពាក់ព័ន្ធនឹងផលិតផល កសិកម្មក្នុងក្របខណ្ឌកម្មវិធី ASPIRE។ លោកម៉េង សក្តិភូសិទ្ធ តំណាងប្រចាំប្រទេសរបស់ IFAD បានស្នើដល់មន្នីរឲ្យរៀបចំនូវផែនទីផលិតផលតាមប្រភេទផលិតកម្ម រៀបចំផែនទីអ្នកប្រមូលទិញ ធំ មធ្យម តូច និងប្រភេទផលិតកម្មដែលពួកគេត្រូវការ និងរៀបចំវេទិកាផ្សារភ្ជាប់រវាងឈ្មួញប្រមូលទិញនិងក្រុមផលិត ដើម្បីពង្រីកសមត្ថភាពផលិតនិងទីផ្សារ ។ លោកបានបញ្ជាក់ថា ចំពោះសមត្ថភាពនៃការផលិតរបស់ក្រុមផលិតមិនមានបញ្ហាចោទទេ តែអ្វីដែលត្រូវយកចិត្តទុកដាក់គឺការពង្រីកទីផ្សារដោយផ្សារភ្ជាប់ជាមួយឈ្មួញប្រមូលទិញឲ្យបានរឹងមាំល្អ ។