ថ្ងៃសុក្រ ១រោច ខែផល្គន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២
លោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ របស់សហភាពសហគមន៍កសិកម្មសៀមរាបមានជ័យ ប្រព្រឹត្តទៅនៅស្ថានីយ៍កសិកម្មទឹកវិល ខេត្តសៀមរាប ក្រោមអធិបតីភាព លោក អៀ ឯកសារ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមានការអញ្ជើញចូលរួមដោយ តំណាងអង្គការអាដដា រីដា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង ក្រុមប្រឹក្សាឃុំកន្ទ្រាំង អង្គការដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនផ្គត់ផ្គង់ជីគីមី ចំណីសត្វ ក្រុមហ៊ុនប្រមូលទិញកសិផល ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន២១ សរុបសិក្ខាកាមចំនួន ១០៧នាក់ ស្រី៦៥នាក់។ ក្នុងឆ្នាំ២០២១ សហភាពសហគមន៍កសិកម្មសៀមរាប មានភាគហ៊ុន ៥៦៩ហ៊ុន ស្មើនឹងដើមទុនចំនួន ៦៤៤ ២៩៩ ៤០០រៀល ដោយបានប្រកបមុខរបរអាជីវកម្មចំនួន៧ គឺទិញ-លក់ជីថ្នាំកសិកម្ម ទិញ-លក់ចំណីសត្វ សម្របសម្រួលទិញសំបកដបទឹកសុទ្ធ ឥណទានកសិកម្ម សម្របសម្រួលទីផ្សារស្រូវ ទិញ-លក់មាន់ និងសេវាកម្មបណ្តុះបណ្តាល ដែលទទួលបានប្រាក់ចំណេញសុទ្ធ ៦៥ ៣៣៩ ៧០០រៀល ក្នុងនោះសហភាព បានធ្វើការបែងចែកទៅតាមគោលការណ៍ដែលបានកំណត់ក្នុងលក្ខន្តិកៈ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម