ថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ និងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខណ្ឌរដ្ឋបាលជលផល បានអមដំណើរឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សមាសភាពអមដំណើរមានឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងនេសាទ ឧត្តមសេនីយ៍ឯក ម៉ៅ ពៅ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះពិនិត្យស្ថានភាពបទល្មើសជលផល និង ចុះសួរសុខទុក្ខក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផល ដែលកំពុងបំពេញបេសកកម្មឈរជើងទីតាំងបញ្ជាការដ្ឋានឈរជើងកន្លែងអភិរក្សជលផលកំពង់ភ្លុក ទីតាំងកន្លែងអភិរក្សជលផលឡូត៍លេខ៤ ខេត្តសៀមរាប និង ពិនិត្យវត្ថុតាងដែលបានដកហូត ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កសាងសំណុំរឿងទាំងជនល្មើស និងវត្ថុតាងដែលរឹបអូសបាន។ ឧបករណ៍ និងសម្ភារមួយចំនួន គួរយកប្រើប្រាស់ជាប្រយោជន៍ដូចជាស្បៃមុង យកទៅធ្វើទ្រុងចិញ្ចឹមមាន់ និងជារនាំងបាំងសួនបន្លែ ក្រោយពីតុលាការបានជម្រះក្តីរួចរាល់។ ដោយឡែក ទូកម៉ាស៊ីន ឬកាណូត គួរទុកប្រើប្រាស់បម្រើឲ្យការងារជលផល។
ក្នុងឱកាសចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកស្បៀងមួយចំនួនសម្រាប់ឧបត្ថម្ភគ្រឿងបរិភោគ ជូនក្រុមការងារឈរជើងនៅ ទីតាំងទី១/ កន្លែងអភិរក្សជលផលលេខឡូត៍លេខ៤ ខេត្តសៀមរាបមាន៖អង្ករចំនួន២បាវ ទឹកសុទ្ធចំនួន ១០ យួន ទឹកត្រីចំនួន០២ យួរ ទឹកស៊ីអ៊ីវ ចំនួន២យួរ ភេសជ្ជចំនួន៥កេះ និងត្រីខចំនួនមួយកេះធំ។ ទីតាំងទី២/បញ្ជាការដ្ឋានឈរជើងក្រុមអន្តរាគមន៍កន្លែងអភិរក្សជលផលកំពង់ភ្លុកខេត្តសៀមរាប លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ជូនបន្ថែមមាន សាច់មាន់ចំនួនចំនួន៥០ គីឡូក្រាម សាច់ជ្រូកចំនួន ១៥គីឡូក្រាម និងពងមាន់ចំនួន ៥០០គ្រាប់។