ថ្ងៃអាទិត្យ២កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែមេសា ឆ្នាំ២០២២
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល លោកព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងសហការរី បានអមដំណើររបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យកសិដ្ឋានដាំបន្លែចម្រុះ របស់លោកហ៊ួរ សៀកផេង នៅភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍ នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។ យោងតាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣១ ខែមីនា នៅទីស្តីការក្រសួងទេសចរណ៍ ស្តីពី
"ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ) " ដែលឯកឧត្តមរដ្ឋមន្រ្តីជាអនុប្រធាន បានជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ដោយឡែក កសិទេសចរណ៍ ក៏បានបញ្ចូលទៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នោះផងដែរ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់កសិដ្ឋានត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្ត សៀមរាបនាពេលអនាគតដ៏ខ្លី។ ការងារនេះ លោកបានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជួយសហការរៀបចំឯកសារគតិយុត្តមួយចំនួនទាក់ទងការចុះបញ្ជីសហគមន៍កសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសទាំងដំណាំ ត្រី និងផ្លែឈើបន្ថែម ដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ក្រោយពេលរាជរដ្ឋាភិបាលបើកប្រទេសយើងឡើងវិញ។
គណៈប្រតិភូបានបន្តចុះពិនិត្យថ្នាលបណ្ដុះកូនឈើព្រៃលិចទឹក សហគមន៍នេសាទសសរស្តម្ភ ស្ថិតនៅភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ដែលបានបណ្ដុះកូនឈើព្រៃលិចទឹក ប្រភេទរាំង ច្រកែង ផ្ទោល រំដេញ កន្សែង ចំនួន៥០ ០០០ ដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ថវិកា ដល់សហគមន៍នេសាទសសរស្តម្ភ សម្រាប់ថែទាំ និងបណ្តុះកូនព្រៃលិចទឹក ចំនួន១០០ដុល្លា និងប្រេងសាំងចំនួន ២០០លីត្រ ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកប្រធានសហគមន៍ មន្រ្តីជំនាញរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារបណ្តុះកូនឈើលិចទឹកឲ្យបានច្រើន ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការបន្ទាន់ចំពោះកូនឈើលិចទឹកដើម្បីយកទៅដាំលើដីដែលដកហូតបានបទល្មើសនៃការកាប់ ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក យកមកកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងដែលសមត្ថកិច្ចក្នុងខេត្តសៀមរាប។
ដោយឡែក រដ្ឋបាលជលផលគួរតែស្វែងរកដៃគូបន្ថែមដើម្បីជួយដល់ការងារអភិវឌ្ឍសហគមន៍នេសាទទាំងលើការងារបច្ចេកទេស ការងារល្បាត សួនបណ្តុះកូនឈើ ការបង្រ្កាបបទល្មើស និងវារីវប្បកម្ម។