គណៈប្រតិភូខេត្តស្ទឹងត្រែង ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្ម នៅខេត្តសៀមរាប
ចេញ​ផ្សាយ ០៦ មេសា ២០២២
256

ថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី លោក ជា សុភៈមករា អនុប្រធានការិយាល័យកសិ-ឧស្សាហកម្ម សហការជាមួយ លោក ស្រីជុំ និងលោកស្រី ហេង គុណវុឌ្ឍី ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកប្រសាទបាគង និងស្រុកសូទ្រនិគម បានរៀបចំ និងជូនដំណើរគណៈប្រតិភូខេត្តស្ទឹងត្រែងចំនួន១២រូប ដឹកនាំដោយ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត និងលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះទស្សនកិច្ចសិក្សាស្វែងយល់ការអភិវឌ្ឍវិស័យកសិកម្ម នៅខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមពីម៉ោង៨ ព្រឹកនៅចំការបន្លែរបស់កសិករមួយចំនួននៅក្នុងសហគមន៍បន្លែសុវត្ថិភាពកន្ទ្រាំងរីករាយ នៅភូមិតាត្រាវ ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង រួចបានបន្តទៅសិប្បកម្មនំមង្គលខ្មែរ ដែលមានការកែច្នៃនំច្រើនមុខ ផែនស្វាយ ចេកឆាក ខ្នុរ សណ្តែកដី សាច់ក្រកជាដើម។ កន្លែងសិប្បកម្មនេះស្ថិតនៅភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម។ ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចទៅកសិកដ្ឋានឈាវ ហុង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគមដែលជាកសិដ្ឋានចំរុះ មានដាំបន្លែបែបបច្ចេកទេសទំនើប ចិញ្ចឹមត្រី ចិញ្ចឹមមាន់ បណ្តុះផ្សិតចំបើង និងដំណាំឈើហូបផ្លែ។
គណៈប្រតិភូ មានការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផល នៃដំណើរចុះទស្សនកិច្ចស្វែងយល់លើការអភិវឌ្ឍវិស័យកសិកម្មនេះ និងបានកោតសសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ដែកបានដឹកនាំ ចាត់ចែង និងចូលរួមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពជាអាទិភាពនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាចុងក្រោយ ឯកឧត្តមប្រធានប្រតិភូ បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ ដែលបានចាត់ក្រុមការងារជួយសម្របសម្រួលដំណើរទស្សនកិច្ចនេះប្រកបដោយជោគជ័យ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter