កិច្ចពិភាក្សាស្វែងយល់អំពីផលិតផលកសិកម្ម ដែលមានសក្តានុពលក្នុងខេត្តសៀមរាបអាចនាំចេញទៅប្រទេសកូរ៉េ
ចេញ​ផ្សាយ ០៦ ឧសភា ២០២២
177

ថ្ងៃសុក្រ៦កើតខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២២  លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី លោក សេង ប៊ុនថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបន្ទាយស្រី បានទទួលស្វាគមន៍ ក្រុមការងារអញ្ជើញមកពីប្រទេសកូរ៉េ ដែលដឹកនាំដោយឯកឧត្តម ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ នៃក្រសួងការពារជាតិ ដើម្បីពិភាក្សាស្វែងយល់អំពីផលិតផលកសិកម្ម ដែលមានសក្តានុពលអាចនាំចេញទៅប្រទេសកូរ៉េបាន។ ខាងភាគីកូរ៉េមានលោក Gyu-Hwa Jang ជាអនុប្រធានសមាគមន៍នាំចូលផលិតផលកសិកម្មពីបរទេសទៅ្រទេសកូរ៉េ និងលោកស្រី I Lin Yu ប្រធានក្រុមហ៊ុន GADOSH នាំចូលផលិតផលកសិកម្មពីបរទេសចូលប្រទេសកូរ៉េដែរ។ ក្រោយពីបានស្តាប់ការពន្យល់ បង្ហាញពីលោកប្រធានមន្ទីរអំពីផលិតផលដំណាំដែលមាននៅខេត្តសៀមរាបរួចមក ភាគីកូរ៉េមានការចាប់អារម្មណ៍ខ្លាំងលើផលិតផលស្វាយកែវរមៀត ស្វាយចន្ទី ចេក និងស្រការនាគ។ ក្រោយពីបានពិភាក្សាគ្នារួច ក្រុមការងារក៏បានទៅទស្សនកិច្ចស្វែងយល់ពីការបកគ្រាប់ស្វាយចន្ទីរ ជាលក្ខណៈគ្រួសារនៅស្រុកបន្ទាយស្រី និងពិនិត្យមើលការដាំដុះដំណាំស្វាយ កែវរមៀត នៅស្រុកប្រាសាទបាគង។ ឆ្លងតាមការពិភាក្សា និងដំណើរទស្សកិច្ចនេះ ក្រុមការងារភាគីកូរ៉េបានសម្តែងការកោតសរសើរដល់ប្រជាកសិករដែលបានប្រឺងប្រែងដាំដុះដំណាំទាំងនោះ ទោះបីមិនទាន់មានទីផ្សារច្បាស់លាស់តាមកិច្ចសន្យាក៏ដោយ។ ជាចុងក្រោយភាគីកូរ៉េ បានសន្យានឹងមកជួបគ្នាម្តងទៀត ជាមួយនឹងក្តីសង្ឃឹមទៅលើកិច្ចព្រមព្រៀង សហការកែលម្អផលិតផលដើម្បីនាំចេញទៅប្រទេសកូរ៉េបាន និងបានថ្លែងអំណរគុណដល់ក្រុមការងារមន្ទីរដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះពួកគាត់៕

ចំនួនអ្នកចូលទស្សនា
Flag Counter