ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំ តាមបណ្តាស្រុកមួយចំនួនដែលមានការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តសៀមរាប។
ចេញ​ផ្សាយ ១០ មិថុនា ២០២២
263

ថ្ងៃសុក្រ១១កើតខែជេស្ធ ឆ្នាំខាលចត្វាស័កពស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប  រួមនឹងសហការី ជូនដំណើរឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលការងារបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំ តាមបណ្តាស្រុកមួយចំនួនដែលមានការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ។ ចំពោះស្រុកដំណាំស្រូវរងផលប៉ះពាល់ និងខូចខាត នៅឃុំក្តីរុន មានចំនួន ៣៩៤ហិកតា និងខូចខាតចំនួន ១១៣ហិកតា។ បច្ចុប្បន្នទឹកបានចាប់ផ្តើមស្រកទៅវិញ ហើយប្រជាកសិករបានកំពុងភ្ជួររាស់ ស្ទួង និងព្រោះស្រូវឡើងវិញជាបណ្តើរៗហើយ និងបានដកស្ទូងជួសនៅកន្លែងដែលខូចខាតកន្លងមក។ ក្រុមការងារបានបន្តដំណើរទៅពិនិត្យមើលស្ថានភាពប៉ះពាល់ និងខូចខាតដំណាំស្រូវនៅស្រុកអង្គរជុំ ដែលបានរងផលប៉ះពាល់ និងខូចខាតសរុបចំនួន ៧៩២ហិកតា។ នៅក្នុងពេលនេះ ប្រជាកសិករនៅក្នុងស្រុកអង្គរជុំ ក៏មិនខុសពីស្រុកពួកដែរ គឺពួកគាត់កំពុងមមាញឹកនៅក្នុងការភ្ជួរ រាស់ ព្រោះនិងដកពង្រោះជួសនៅកន្លែងខូចខាតកន្លងមកជាបណ្តើរៗដែរ។ ចំណែកនៅស្រុកស្រីស្នំ កន្លងមកដោយសារមានទឹកច្រើនពេក ប្រជាកសិករគាត់បានសាបព្រោះតិចតួចនៅក្នុងខែឧសភា តែចូលដល់ចុងសប្តាហ៍ទី១នៃខែមិថុនានេះ ប្រជាកសិករគាត់បានចាប់ផ្តើមភ្ជួររាស់ ព្រោះស្រូវដែលមានសន្ទុះខ្លាំងជាងមុន។ ឆ្លងតាមការពិនិត្យជារួមមក ឯកឧត្តម និងក្រុមការងារបានសន្និដ្ឋានថា នៅរង្វង់សប្តាហ៍ក្រោយសង្ឃឹមថាល្បឿនការងារបង្កបង្កើនផលស្រូវនឹងឡើងដល់៣០%នៃផែនការ ១៨៩ ៧៣០ហិកតា។

**សូមបញ្ជាក់ថាគិតមកត្រឹមថ្ងៃទី១០ ខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា២០២២ អនុវត្តបានសរុបចំនួន ៣៧ ៩៧០ហិកតា ស្មើនឹង២០,០១% នៃផែនការ១៨៩ ៧៣០ហិកតារួមមាន៖ ព្រោះស្រូវស្រាលដើមរដូវបាន៨ ៧០៥ហិកតា ព្រោះស្រូវកណ្តាលបាន១៧ ៥៧០ហិកតា ព្រោះស្រូវធ្ងន់បានចំនួន៨ ៩២០ហិកតា(ស្ទួង១៥ហិកតា) ដាំស្រូវចំការបាន៧៦០ហិកតា និងស្រូវឡើងទឹកបាន២ ០០០ហិកតា ។ ចំណែកដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា២០២២ ធ្វើបានសរុបចំនួន១២ ៥៩២ហិកតា ស្មើនឹង ៤០,៩២% នៃផែនការ ៣០ ៧៧១ហិកតា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter