ថ្ងៃពុធ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សាស្ត្រាចារ្យ និងក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងចំនួន ១១០នាក់បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្រោមការអញ្ជើញចូលរួមពីសំណាក់លោកទា គឹមសុទ្ធ ប្រធានមន្ទីរ លោកបណ្ឌិត ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ លោកស៊ឹម ធរ័ដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្ត្រីបច្ចេកទេសនៃការិយាល័យផលិតកម្ម និងបសុព្យាបាល។ ក្នុងកិច្ចសំណេះសំណាល និងពិភាក្សានាពេលនេះក្រុមនិស្សិតបានលើកជាសំណួរពាក់ព័ន្ធ និងវិស័យផលិតកម្ម និងបសុព្យាបាលមួយចំនួន ចំពោះថ្នាក់ដឹកនាំមន្ទីរ និងអ្នកបច្ចេកទេស ដើម្បីបានជាធាតុចូលសម្រាប់យកទៅសរសេរសារណាបញ្ចប់ការសិក្សារបស់ពួកគេនាពេលខាងមុខ។
ថ្ងៃព្រហស្បតិ៍០១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក ហ៊ុន សុវណ្ណ អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប និងក្រុមការងារ បានជូនសាស្ត្រាចារ្យ និងក្រុមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះជួបមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងអាជ្ញាធរ ភូមិ ឃុំ ស្រុកពួក ដើម្បី៖សាកសួរពត៌មានការចិញ្ចឹមសត្វ ជំងឺសត្វ វិធានការណ៍ការពារ បង្ហាត់បង្រៀនកសិករអំពីជំងឺឆ្កែឆ្កួត ការយកសំណាកលាមកសត្វ ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត និងទំលាក់ព្រូនឆ្កែឆ្មា។
ថ្ងៃសុក្រ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យ ផលិតកម្មនិងបសុព្យាបាលខេត្តសៀមរាប និងក្រុមការងារ សហការណ៍ជាមួយប្រធានកសិកម្មស្រុកបន្ទាយស្រី លោកមេឃុំត្បែង មេភូមិត្បែងលិច ភូមិត្បែងកើត ភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី បានជូនសាស្ត្រាចារ្យ និងក្រុមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចុះអនុវត្តនៅមូលដ្ឋានផ្ទាល់លើសត្វគោ របស់កសិករដែលមានដូចជា៖ ពិនិត្យភ្នាសស្តើងភ្នែក វាស់សីតុណ្ហភាព វាស់ចង្វាក់បេះដូង ថ្លឹងទម្ងន់គោ យកសំណាកលាមក និងឈាម ចាក់ថ្នាំវីតាមីន និងថ្នាំអីវូម៊ិច។ បន្ទាប់ពីអនុវត្តលើសត្វគោរួចរាល់ ក្រុមនិស្សិត បានបន្តទៅទស្សនកិច្ចសិក្សានៅកសិដ្ឋានគោសប្បុរសកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ដូចជា: យល់ដឹងពីពូជគោ ប្រភេទស្មៅចំណីសត្វ ការគ្រប់គ្រង ការបង្កាត់សិប្បនិម្មិត ប្រពន្ធ័ចិញ្ចឹម និងចំណេះដឹងថ្មីៗបន្ថែមទៀត ។ ជាចុងក្រោយ លោកគ្រូសាស្ត្រាចារ្យមហាវិទ្យាល័យវេជ្ជសាស្ត្រសត្វនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលបានសម្របសម្រួលកម្មវិធីទស្សនកិច្ចនេះ ដើម្បីជាទន់នៃចំណេះដឹងបន្ថែមដល់ប្អូនៗនិស្សិត ក្រៅពីទ្រឹស្តីដែលមានកន្លងមក ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សូមស្វាគមន៍បន្តឪ្យមានដំណើរទស្សនកិច្ចសិក្សាបែបនេះបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងប្រសិទ្ធភាពដល់ធនធានមនុស្សជំនាន់ក្រោយសម្រាប់បន្តវេន។