ថ្ងៃសុក្រ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វស័ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ កម្មវិធីASPIREខេត្តសៀមរាប បានរៀបចំកម្មវិធីមហាសន្និបាតកំណេីតដំបូងរបស់សហគមន៍កសិកម្មកង្កែបទន្លេសាប ដែលមានទីតាំងនៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង។ ក្រោមអធិបតីភាពលោក ប៉ែន ប៊ុនធឿន អនុប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ស្រី ជុំ ប្រធានគ្រប់គ្រងកម្មវិធីASPIREស្រុកប្រាសាទបាគង និងជាប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកប្រាសាទបាគង លោកស្រី ជ្រះ ធីតា ជំទប់ទី១ ឃុំកន្រ្ទាំង និងមានការអញ្ជេីញចូលរួមពីសំណាក់ លោកទីប្រឹក្សានៃកម្មវិធីASPIRE ក្រុមការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រុមការងារកម្មវិធីASPIREស្រុកប្រាសាទបាគង និងសមាជិកបណ្តុំអាជីវកម្ម វារីវប្បកម្មកន្រ្ទាំងមានជ័យ សរុបចំនួន៣៦នាក់ ស្រី ៧នាក់។ ក្នុងដំណេីរការមហាសន្និបាតនេះ អង្គពិធីបានឯកភាព និងសម្រេចដោយសមាជិកដូចខាងក្រោម៖
១-បានបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាភិបាលសហគមន៍ចំនួន៥រូប ស្រី១នាក់
២-បានបោះឆ្នោតជ្រេីសរេីសគណះកម្មការត្រួតពិនិត្យចំនួន ៣នាក់
៣-សហគមន៍ឈ្មោះ សហគមន៍កសិកម្ម កង្កែបទន្លេសាប។
ក្រោយពីបញ្ចប់ការបែងចែកតួនាទីភារ:កិច្ចជាបន្ទាប់អង្គពិធី ក៍បានជជែកគ្នាអំពីគោលការណ៍របស់សហគមន៍ដូចខាងក្រោម៖
១-តម្លៃទិញហ៊ុន ៥០,០០០៛/ហ៊ុន
២-ប្រាក់សមាជិកភាព១០,០០០៛/ឆ្នាំ
៣-មុខរបររបស់សហគមន៍មាន៖ ឥណទាន កសិកម្មខ្នាតតូច ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទិញ-លក់កង្កែប
៤-គោលការណ៍ នៃការបែងចែកប្រាក់ចំណេញ។
-លោក ប៉ែន ប៊ុនធឿន អនុប្រធាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាអនុប្រធានគ្រប់គ្រងកម្មវិធីASPIREខេត្តសៀមរាប បានមានប្រសាសន៍ថា៖ បណ្តុំអាជីវកម្ម វារីវប្បកម្មកន្រ្ទាំងមានជ័យ បានបង្កើតឡើងនៅឆ្នាំ២០២១ ដែលមានសមាជិក៥១នាក់ ដោយមើលឃើញពីការរីកចំរើនរបស់បណ្តុំអាជីវកម្មនេះ ទើបមន្ទីរកសិកម្ម ក្រោមការឧបត្តម្ភថវិការបស់កម្មវិធីASPIRE ធ្វើអោយបណ្តុំអាជីវកម្ម វារីវប្បកម្មកន្រ្ទាំងមានជ័យ(ចិញ្ចឹមត្រី និងកង្កែប) ទៅជាសហគមន៍កសិកម្មកង្កែបទន្លេសាប នេះឡើង។
-លោកគង់ គឹមឆាវ ប្រធានសហគមន៍កសិកម្មកង្កែប ទន្លេសាប បានបន្ថែមទៀតថា៖ សហគមន៍មានលទ្ធភាពផ្គត់ផ្គង់កូនកង្កែបក្នុង១ខែចាប់ពី២០០ ០០០ក្បាល ទៅ៣០០ ០០០ក្បាល និងកង្កែបសាច់ប្រមាណចំនួន០៥តោន ក្នុង១ខែ(ចាប់ពីខែមីនា ដល់ខែតុលា)។ ប្រសិនប្រជាកសិករចង់បានកូនកង្កែប -ពូជកង្កែប និងអាជីវករត្រូវការកង្កែបសាច់ សូមទំនាក់ទំនងមកកាន់ប្រធានសហគមន៍៖ លោកគង់ គឹមឆាវ លេខទូរស័ព្ទ ០៨៩ ៣២២ ៥៦៥ ឬអនុប្រធានសហគមន៍៖លោក មួន រ៉ាមី ០៨៥ ៤៩១ ៧៧៨ ស្ថិតនៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង។