ថ្ងៃអង្គារ៤រោច ខែសា្រពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ខែសីហា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នំាចេញផ្លែស្វាយ គ្រាប់ស្វាយចន្ទី និងដំឡូងមី ទៅកាន់ប្រទេសចិន និងទីផ្សារពិភពលោក។ ក្រោមអធិបតីភាពលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោងខ្សែច្រវ៉ាក់តម្លៃ និងសុវត្ថិភាពចំណីអាហារ ACSEP លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រុមការងារអនុវត្តគម្រោង ACSEP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងមានការអញ្ជើញចូលរួមពីសិក្ខាកាម មកពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប សរុបអ្នកចូលរួមចំនួន ៣០ នាក់ (ស្រី០៣នាក់)។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងចំណេះដឹងដល់មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត អំពីវិធានការ និងលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលកសិកម្ម របស់ប្រទេសកម្ពុជា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម