ថ្ងៃព្រហស្បតិ៍១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងសហការី បានអមដំណើរឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងប្រតិភូអមដំណើររួមមានឯកឧត្តមអនុរដ្ឋលេខាធិការ ឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតផលកម្មសត្វ ប្រធានរដ្ឋបាលព្រៃឈើ និងជលផល ចុះពិនិត្យលទ្ធភាព ជួយដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់លំនៅដ្ឋានពីតំបន់រមនីយដ្ឋានអង្គរក្នុងពេលថ្មីៗ មករស់នៅភូមិវប្បធម៌ធម្មជាតិរុនតាឯក ដែលស្ថិតនៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ អញ្ជើញមកចូលរួមដំណើរទស្សនកិច្ចនេះដែរ មានឯកឧត្តម នាក់ ណេរុន អភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ លោកអភិបាលរងស្រុកបន្ទាយស្រី ផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីមន្រ្តី បានផ្តល់អនុសាសន៍ណែនាំឲ្យ ឯកឧត្តមទទួលបន្ទុកជំនាញទាំង៤ សហការរៀបចំកញ្ចប់អន្តរាគមន៍ផ្នែកកសិកម្ម ដើម្បីជួយសម្រាលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលបានផ្លាស់ប្ដូរមកកាន់តំបន់អភិវឌ្ឍន៍ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម