នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ណៅ ធួក រដ្ធលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំក្រុមការងារក្រសួង និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអាជ្ញាធរខេត្ត ចុះអនុវត្តការងារត្រួតពិនិត្យវាយតម្លៃផលប៉ះពាល់ ដំណាំស្រូវ ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង និងពិនិត្យលទ្ធភាពស្តារឡើងវិញនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាបទទួលបានលទ្ធផលដូចខាងក្រោម: ១. ក្រុមការងារក្រសួងបានជួបប្រជុំថ្នាក់ដឹកនាំមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត អាជ្ញាធរខេត្តសៀមរាប និងការិយាល័យជំនាញពាក់ព័ន្ធដោយបានស្តាប់នូវសេចក្តីរាយការណ៍ពីផលប៉ះពាល់ ដំណាំស្រូវ ការចិញ្ចឹមសត្វ និងដំណាំរួមផ្សំ និងរៀបចំផែនការសម្រាប់ស្តារឡើងវិញ។ ២.បន្ទាប់ពីកិច្ចប្រជុំ ក្រុមការងារបានបន្តដំណើរពិនិត្យទីតាំងបណ្តាឃុំ ស្រុក ដែលរងការខូចខាតដោយជំនន់ទឹករួមមាន៖ ឃុំល្វា ស្រុកពួក ,ភូមិត្រពាំងច្រាំង ឃុំស្រណាល ស្រុកក្រឡាញ់ និងភូមិត្រុំ ភូមិអំពៅ ឌៀបឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ។តាមការពិនិត្យជាក់ស្តែងដំណាំស្រូវនិងដំណាំរួមផ្សំមានការខូចខាតមួយចំនួន ។ ចំណែក ស្ថានភាពចិញ្ចឹមសត្វ សត្វត្រូវបានប្រមូលផ្តុំនៅតាមទីទួលសុវត្ថិភាព ក្នុងភូមិ មិនមានបញ្ហាគ្រោះថ្នាក់ងាប់ដោយគ្រោះទឹកជំនន់។ ៣.ក្រុមការងារនឹងបន្តផ្ទៀងផ្ទាត់ស្ថិតិផ្ទៃដីដំណាំស្រូវនិងដំណាំរួមផ្សំនិងការចិញ្ចឹមសត្វដែលរងការខូចខាតតាមទីតាំងជាក់ស្តែងតាមបណ្តាស្រុកដើម្បីឱ្យស្ថិតិមានភាពសុក្រិត ។ ៤. ក្រុមការងារបានវាយតម្លៃថា៖ ការអន្តរាគមន៍ជួយកសិករដើម្បីស្តារឡើងវិញជាការងារអាទិភាពដូចជាផ្តល់ពូជស្រូវ ពូជបន្លែ និងការឧបត្ថម្ភដល់ការចិញ្ចឹមសត្វ ។