ថ្ងៃច័ន្ទ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២២ លោក ហៃ វាសនា អនុប្រធានមន្ទីរ តំណាងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និង លោកសាំង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ព្រមទាំងសហការី បានចូលរួមកម្មវិធី ចែកស្បៀង គ្រឿងឧបភោគ-បរិភោគ និងពូជស្រូវ ជូនដល់ប្រជាពរដ្ឋ ដែលទទួលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ កម្មវិធីទី១៖ វេលាម៉ោង០៨ព្រឹក ស្ថិតនៅវត្តពង្រ ភូមិពង្រ ឃុំត្រាំសសរ ឯកឧត្តម ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប តំណាង អភិបាលនៃគណៈខេត្តសៀមរាប ព្រមទាំងមានការអញ្ចើញចូលរួមពី តំណាងមន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកស្រីស្នំ និងអាជ្ងាធរមូលដ្ឋាន បានធ្វើការចែកស្បៀង គ្រឿងឧបភោគ-បរិភោគ ដល់កសិករចំនួន១ ០០០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្គរ២៥គ.ក្រ ទឹកបរិសុទ្ធ(១,៥L) ១កេះ ត្រីខ ១យួ មី ១កេះ ទឹកស៊ីអ៊ីវ ១យួ ទឹកត្រី ១យួ ។ កម្មវិធីទី២៖ វេលាម៉ោង០៩៖៣០ ព្រឹក ស្ថិតក្នុងបរិវេណសាលាស្រុកស្រីស្នំ ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត សៀង ណាំ សមាជិកព្រឹទ្ធសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប លោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប តំណាង អភិបាលនៃគណៈខេត្តសៀមរាប ចែកពូជស្រូវចំនួន ៥១,៤តោន ដល់កសិករ ចំនួន៥១៤គ្រួសារ មកពីឃុំចំនួន០២ ។ ចំណែក ពូជស្រូវចំនួន ៦០១តោនទៀត នឹងចែកជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋរងគ្រោះចំនួន៧០៥គ្រួសារទៀត។ កម្មវិធីទី ៣ ៖ វេលាម៉ោង១០ ព្រឹក ស្ថិតក្នុងបរិវេណវត្តខ្នាតេជោ ភូមិខ្នាជោ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ចែកស្បៀង គ្រឿងឧបភោគ-បរិភោគ ដល់កសិករចំនួន ១ ០០០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្គរចំនួន ២៥គ.ក្រ ទឹកបរិសុទ្ធ(១,៥L) ចំនួន១កេះ ត្រីខ ចំនួន១យួរ មី ចំនួន១កេះ ទឹកស៊ីអ៊ីវ ចំនួន១យួរ ទឹកត្រី ១យួរ និងចែកពូជស្រូវជាតំណាងចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទួលបាន ពូជស្រូវចំនួន ១០០គ.ក្រ។ ចំណែកពូជស្រូវចំនួន១០៧,២៥តោន នឹងចែកនៅតាមបណ្តាឃុំ ជាបន្តបន្ទាប់ដល់កសិករចំនួន ១ ២៥៥គ្រួសារ នៅពេលរសៀលថ្ងៃដដែល។