ថ្ងៃពុធ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងលោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានចូលរួមចែកពូជស្រូវ និងស្បៀង និងគ្រឿងឧបភោគ-បរិភោគ នៅវត្តជីក្រែង ឃុំ ជីក្រែង ស្រុកជីក្រែង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីលោកជំទាវ ម៉ននី រង្សី អភិបាលរងខេត្ត ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោក ពៅ ប៊ុនធឿន អភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំជីក្រែង និងឃុំអន្លង់សំណរ ព្រមទាំងមន្ត្រីរាជការមួយចំនួនទៀត។ កសិកររងគ្រោះដែលបានមកទទួលយកអំណោយពីរាជរដ្ឋាភិបាលសរុបចំនួន ៦៣៦គ្រួសារ ក្នុងនោះ ១២១គ្រួសារទទួលបានពូជស្រូវស្រាលចំនួន ៧ ៤០០គ.ក្រ ដើម្បីយកទៅធ្វើស្តារឡើងវិញ និង៥១៥គ្រួសារទៀតទទួលបានស្បៀង និងគ្រឿងឧបភោគ-បរិភោគដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គ.ក្រ ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងត្រីខកំប៉ុង១យួរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម