សន្និបាតការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
ចេញ​ផ្សាយ ១៦ ធ្នូ ២០២២
197

ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំសន្និបាតការងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ក្រោមអធិបតីឯកឧត្តម  សេន សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់  ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ឹង គឹមលាង អភិបាលរងនៃគណៈបាលខេត្តសៀមរាប និងមានអញ្ជើញចូលរួមមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ-អង្គភាព​ជុំវិញ​​ខេត្ត តំណាងអង្គការនានា តំណាងសហគមន៍កសិកម្ម និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ចំនួន២៥០នាក់។

តាមរយៈរបាយការណ៍បូកសរុបរបស់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ដោយដឹងថា៖ក្នុងឆ្នាំ២០២២ នេះទូទាំងខេត្តបរិមាណផលស្រូវសរុបប្រមូលផលបាន ៥៤០ ៣៨៦តោន ដែលផ្ទៃដីប្រមូលស្រូវសរុបចំនួន ១៩៤ ៥២៤ហិកតា ក្នុងនោះបរិមាណផលស្រូវប្រាំង ៨៩ ៦២៣តោន  លើផ្ទៃដីចំនួន ២២ ៤៨៦ហិកតា និងស្រូវវស្សា ៤៥០ ៧៦៣តោន លើផ្ទៃដី​​​ចំនួន ១៧២ ០៣៨ហិកតា ទិន្នផលជាមធ្យម ២,៧៧៨ តោនក្នុងមួយហិកតា ។ តាមការព្យាករណ៍សម្រាប់ឆ្នាំ២០២៣  ឃើញថា  ក្រោយពីការកាត់ចេញសម្រាប់ទុកពូជ  ការបាត់បង់ក្រោយប្រមូលផល  ការចិញ្ចឹមសត្វ តម្រូវការស្បៀងនៃប្រជាជនចំនួន ១ ១៦៦ ៤៩៣ នាក់ ក្នុងខេត្ត និងភ្ញៀវទេសចរណ៍ប្រមាណ ៣លាននាក់ គឺមានអតិរេកជាស្រូវចំនួន២០៣ ៩៨៨តោន   បើគិតជាអង្ករចំនួន១៣០ ៥៥២តោន      នៅសល់សម្រាប់ផ្គត់ផ្គង់តម្រូវការនានា និងមានលទ្ធភាពនាំចេញមួយចំនួនទៀតផង ។ ចំពោះដំណាំរួមផ្សំ ​និងដំណាំកសិឧស្សាហកម្មរយៈពេលខ្លីសម្រេចអនុវត្តបានសរុបចំនួន ៥០ ៧៤៣​ ហិក​តា ស្មើនឹង ១០៦,៣២% នៃផែនការ ៤៧ ៧២៨ហិកតា ។

ដោយទទួលរងនូវឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំ២០២២នេះ ផ្ទៃដីស្រូវរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេ សរុបចំនួន ៣៨ ០៧៨ហិកតា លើ ៧ស្រុក ក្នុងនោះខូចខាតទាំងស្រុងចំនួន ១៣ ០៦៣ហិកតា លើ ៥ស្រុក និងខូចខាតដំណាំរួមផ្សំផ្សេងៗ  ពិសេសដំឡូងមី លើ ៣ស្រុក លើផ្ទៃដីចំនួន ៤ ២២៣ហិកតា។ មន្ទីរកសិកម្មខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយសង្គ្រោះនិងអន្តរាគមន៍ ផ្តល់ពូជស្រូវ ស្រាលចំនួន ២៩១,៣០តោន ដោយធ្វើស្តារឡើងវិញលើផ្ទៃដីបានចំនួន ២ ៣៥៦ហិកតា។

ស្ថិតិសត្វគោក្របីមានចំនួន ២៤៥ ៧០៣ក្បាល ជ្រូកចំនួន ១៨៥ ៤៧៤ក្បាល     និងសត្វស្លាបចំនួន ៤ ២៧៧ ៧១០ក្បាល ដែលក្នុងនោះការចិញ្ចឹមជាលក្ខណៈកសិដ្ឋានចំនួន ២៨១កន្លែង។     ការយល់អំពីបចេ្ចកទេស​ចិញ្ចឹម ការជ្រើសរើសបង្កាត់ពូជ ចំណីសត្វ សេវាថែទាំសុខភាពសត្វ និងជីវសុវត្ថិភាព   ធ្វើឲ្យវិស័យផលិតកម្មសត្វមានការរីកចម្រើនគួរឲ្យកត់សំគាល់ ។ ជាមួយគ្នានោះ មន្ទីរកសិកម្ម បានជំរុញកម្មវិធីឡជីវឧស្ម័ន ដើម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការគ្រប់គ្រងកាកសំណល់សត្វ ដែលជាពហុប្រយោជន៍ សម្រាប់តម្រូវការប្រចាំថ្ងៃ និងជួយកាត់បន្ថយកផលប៉ះពាល់ដល់បរិស្ថាន។

ចំពោះវិស័យជលផល បានបន្តពង្រឹងសហគមន៍នេសាទទាំង២២សហគមន៍ នៅលើដែននេសាទ  ដែលមានសមាជិកសរុបចំនួន ១៨ ០៤១គ្រួសារ ស្មើនឹង ៣១ ៧៨៩នាក់ (ស្រី១៨ ០៥៦នាក់)  និងគ្រប់គ្រងកន្លែងអភិរក្សធនធានជលផល មានចំនួន២៨កន្លែង  នៅលើដែននេសាទទំហំ៨ ៧៨៥ហិកតា និងសហគមន៍ស្រះជម្រកត្រីចំនួន១០៣ស្រះ។ កសិដ្ឋានចិញ្ចឹមក្រពើមានចំនួន៣០២កសិដ្ឋាន មានក្រពើសរុបចំនួន ៩៥ ១១៣ក្បាល ។ ចំពោះផលត្រីចាប់សរុប ៧៨ ២៨៤តោន ក្នុងនោះ ផលចាប់ពីធម្មជាតិបានចំនួន ៤៨ ៧១៨តោន និងវារីវប្បកម្ម ២៩ ៥៦៦តោន ។  ស្ថានីយ៍ចិញ្ចឹមត្រីទឹកវិល និងកសិដ្ឋានរបស់​កសិករចំនួន៩កន្លែង​ ផលិត​ត្រីពូជ​បាន​ចំនួន២២ ១៣០ ០០០កូន។ ​កសិដ្ឋានចំនួន៥កន្លែង ​ផលិតកង្កែបពូជបានចំនួន២ ៦០០ ០០០កូន     និងកសិដ្ឋាន​២កន្លែងផលិតកន្ធាយពូជបានចំនួន២២ ០០០កូនផងដែរ។ ដោយឡែក​ការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបានសរុបចំនួន ៣០៣ករណី ក្នុងនោះ បានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តចំនួន៣៦ករណី។  

អនុវត្តតាម​បទ​បញ្ជា​​​របស់​រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ បង្ក្រាបការឈូសឆាយ និងកាន់កាប់​ដីព្រៃលិចទឹក​ក្នុង​តំបន់៣​រួច​មកមាន ប្រជាពលរដ្ឋ​បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ លើដីដែលពួគគាត់លួចឈូសឆាយ និងអាស្រ័យ​ផល​ក្នុងតំបន់៣ មានចំនួន៣ ៣២៥ហត ស្មើនឹង១ ៥២៥គ្រួសារ និងបានដាំស្តារព្រៃលិចទឹកឡើងវិញ បាន​ទំហំ​៨២ហិកតា និងដាំគ្រាប់ត្នោតតាមព្រំប្រទល់តំបន់៣ បានចំនួន៧៩ ១៧៦គ្រាប់ កូនត្នោត​ចំនួន​៣៥ដើម ឫស្សី​ចំនួន២០០ដើម នៅស្រុកចំនួន៥ និងក្រុង១។

ចំពោះវិស័យព្រៃឈើ៖    គ្រប់គ្រង និងអភិវឌ្ឍន៍ស្ថានីយ៍ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ៧កន្លែង មានផ្ទៃដី​សរុប ៣ ៦៧៦ហិកតា  ថែទាំចំការពូជឈើគ្រញូងនិងធ្នង់ ចំនួន២​កន្លែង ផ្ទៃដីសរុបចំនួន ២ ៣៩៧ហិកតា។  ថ្នាលបណ្តុះកូនឈើចំនួន ១៧កន្លែង ផលិតកូនឈើបានចំនួន ៣៤ ៥៥០ដើម និងចែកចាយកូនឈើយកទៅដាំក្នុង និងក្រៅខេត្តបានចំនួន ៣២ ៥៥៣ដើម ដាំក្នុងបុណ្យរុក្ខទិវា នៅស្រុកន្ទាយស្រី លើផ្ទៃដី ៥ហិកតា ចំនួន២ ២០០ដើម សហគមន៍ព្រៃឈើមាន​ចំនួន ៦២សហគមន៍ ដែលមានផ្ទៃដីសរុបចំនួន៣៤ ៤០១ហិកតា បានអភិរក្សការពារ និងថែទាំចំការពូជឈើគ្រញូង និងចំការពូជធ្នង់     ដោយបានឈូសផ្លូវការពារភ្លើងព្រៃបានប្រវែង ៤៨ ០០០ម៉ែត្រ។  បានបង្ក្រាបបទល្មើសព្រៃឈើ បានចំនួន ២០ករណី ក្នុងនោះ បទល្មើសព្រៃឈើ ១៩ករណី និងដីព្រៃ០១ករណី ។

ក្នុងឆ្នាំ២០២២នេះដែរ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះជួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ដែលប៉ះពាល់គម្រោងសាងសង់ផ្លូវ៣៨ខ្សែ និងពីរមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ តាមការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្រេចបានផ្តល់គ្រាប់ពូជបន្លែចំនួន ៥ ២២៨ឃីត (សណ្តែកកួរ ស្ពៃខៀវ ផ្ទីស ល្ពៅ និងត្រប់វែង) ដល់ប្រជាពលរដ្ឋ ចំនួន៥ ២២៨គ្រួសារ (ភូមិធម្មជាតិរុនតាឯកចំនួន២ ០២៨គ្រួសារ និងនៅតំបន់ពាក់ស្នែងចំនួន៣ ២០០គ្រួសារ) បានចែកពូជកូនមាន់ចំនួន ២ ៣៣០ក្បាល ចំណីសត្វចំនួន ៦០៥គីឡូក្រាម និងបសុឱសថ ចំនួន២៣២កញ្ចប់ ដល់ប្រជាពលរដ្ឋចំនួន១១៦គ្រួសារ បានផ្តល់ពូជត្រីអណ្តែងចំនួន១៩ ៨៧០ក្បាល ចំណី២ ១០០គីឡូក្រាម និងរៀបចំតង់សម្រាប់ដាក់ត្រីចិញ្ចឹមចំនួន៤៤កន្លែង ជូនប្រជាពលរដ្ឋ ចំនួន៤៤គ្រួសារ បានផ្តល់ពូជឫស្សីផ្អែមចំនួន៧៥៥ដើម ជូនប្រជាពលរដ្ឋចំនួន១៥៣គ្រួសារ និងក្រុមការងារក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះធ្វើការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ចិញ្ចឹមមាន់ និងចិញ្ចឹមត្រីអណ្តែង ដល់ប្រជាពលរដ្ឋ ចំនួន ១៩០គ្រួសារ និងបន្តផ្តល់ការណែនាំជាប្រចាំ។

សមិទ្ធផលខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានកិច្ចសហការពីគម្រោងគាំទ្រដោយរាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍វិស័យកសិកម្ម ដែលមានដូចជា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE), គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប(TSSD),គម្រោងពិពិធកម្ម,LEAP, អង្គការ FAO, អង្គការ GRET, អង្គការ FH, អង្គការ AGRISUD, អង្គការ ADDA-READA និងគម្រោងផ្សេងៗទៀត។

ចំពោះសមិទ្ឋផលទទួលបានជាវិជ្ជមានដូចរៀបរាប់ខាងលើ ក៏យើងកត់សំគាល់ឃើញថា      វិស័យកសិកម្មក្នុងខេត្ត នៅជួបប្រទះនូវបញ្ហាប្រឈមមួយ​​ចំនួនដូចជា៖

       -សមត្ថភាពធនធានមនុស្ស  ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងសេវាផ្សព្វផ្សាយកសិកម្ម នៅមិនទាន់ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ

        -ផលិតកម្មដំណាំកសិកម្ម មានកំណើនផលិតភាពទាប ឈ្នួលពលកម្មឡើងថ្លៃក្នុងផលិតកម្មកសិកម្ម កង្វះការវិនិយោគកែច្នៃ គុណភាពកសិផលនៅមិនទាន់ឆ្លើយតបតម្រូវការទីផ្សារគ្រប់គ្រាន់ តម្លៃទីផ្សារកសិផលមិនមានស្ថេរភាព

        - មិនទាន់មានបន្ទប់ពិសោធន៍កសិកម្មថ្នាក់តំបន់

        -ចំណីសត្វមានតម្លៃថ្លៃ ពុំមានការវិនិយោគកែច្នៃចំណីក្នុងស្រុក

         -សម្ភារបរិក្ខាបសុពេទ្យ និងមធ្យោបាយសម្រាប់អន្តរាគមន៍មិនទាន់មានគ្រប់គ្រាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅឡើយ

         -កិច្ចសហការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋ នៅមានខ្វះចន្លោះ ក្នុងការទប់ស្កាត់ និង     បង្ក្រាបបទល្មើសជីកសិកម្ម ថ្នាំកសិកម្ម ការដឹកជញ្ជូនសត្វ ព្រៃឈើ និងជលផល

         -ប្រជានេសាទនៅតែមានលួចប្រើឧបករណ៍នេសាទហាមឃាត់ ទោះជាមានការផ្សព្វផ្សាយឲ្យយល់ដឹងពីសារប្រយោជន៍ និងការបង្ក្រាបយ៉ាងណាក្តី ។

ដើម្បីដោះស្រាយនូវបញ្ហាខាងលើមន្ទីរបានលើកទិសដៅអនុវត្តបន្តដូចខាងក្រោម៖

         -ជំរុញអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបកម្ម ពិពិធកម្មដំណាំកសិកម្ម ប្រកបដោយបរិយាប័ន្ន ដែលធន់នឹងការប្រែប្រួលអាកាស

         -ជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា ការកែច្នៃ និង ធុរៈកិច្ចកសិកម្ម

         -បង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីកែលម្អនិងស្តារប្រព័ន្ធស្រោចស្រពចាស់ៗឡើងវិញ

         -បង្កើនប្រសិទ្ធភាពការប្រើប្រាស់គ្រឿងយន្ត និងឧបករណ៍កសិកម្ម  ក្នុងផលិតកម្មកសិកម្ម

         -ជំរុញការប្រើប្រាស់គ្រឿងយន្តខ្នាតតូចផលិតចំណីសត្វ ដោយប្រើវត្ថុធាតុដើមដែលមានស្រាប់

         -ជំរុញការចិញ្ចឹមសត្វតាមបច្ចេកទេសដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ

         -អនុវត្តវិធានជីវសុវត្តិភាពនៅកសិដ្ឋានចិញ្ចឹមសត្វ សត្តឃាតដ្ឋាន និងការដឹកជញ្ជូនសត្វ

         -ជំរុញការអប់រំ និងផ្សព្វផ្សាយដល់គ្រប់ស្រទាប់ប្រជាជនទាំងក្នុង​និងក្រៅសហគមន៍ ឲ្យចូលរួមគ្រប់គ្រង  ប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព​

         -ពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះជនល្មើសដែលតែងតែលួចប្រព្រឹត្តបទល្មើសជលផល

         -ជំរុញការអភិវឌ្ឈវារីវប្បកម្មតាមស្រះ   បែ  វាលស្រែ  ថង់ផ្លាស់ស្ទិច

         -គ្រប់គ្រងកន្លែងអភិរក្សត្រីមេពូជ អភិរក្សព្រៃលិចទឹក​ លែងពូជត្រីតាមអាងទឹកធម្មជាតិ និង ដាំឈើព្រៃលិចទឹក

         -ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្តីពីព្រៃឈើ និងផ្សព្វផ្សាយការទប់ស្កាត់ភ្លើងឆេះព្រៃ

         -បង្កើនកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ពន្ធ័និងពង្រឹងការអនុវត្តច្បាប់ក្នុងទប់ស្តាត់និងការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ

         -ជំរុញការងារសហគមន៍ព្រៃឈើ ការដាំឈើជាចម្ការ ដាំឈើតាមសហគមន៍ សាលារៀន និងដាំឈើក្រោមប្រធានបទ ”ទេសចរមួយ​នាក់ ដើមឈើមួយដើមនិងស្តារគម្របបៃតងឡើងវិញសេចក្តីសន្និដ្ឋាន៖ ជាការពិតណាស់ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តសៀមរាប និងគោលនយោបាយប្រាកដប្រជារបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឈវិស័យកសិកម្ម  មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានខិតខំបំពេញកាតព្វកិច្ច ប្រមូលផ្តុំ និងប្រើប្រាស់ធនធាន អនុវត្តគោលនយោបាយអភិវឌ្ឈកសិកម្ម ដែលមានចែងក្នុងយុទ្ឋសាស្រ្ត ចតុកោណដំណាក់កាលទី៤ ដោយធានាសន្តិសុខស្បៀង  ធ្វើអោយប្រសើរឡើងអាហារូបត្ថម្ភ បង្កើនការនាំចេញ លើកកម្ពស់ជីវភាពកសិករ ធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមាន​លក្ខណៈ​ប្រកួត​ប្រជែង បរិយាប័ន្ន ធន់​នឹង​​ការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនាំដល់ការកើន​ឡើង​ប្រាក់​ចំណូល​គ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

 

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter