ថ្ងៃព្រហស្បតិ៍១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ខែកុម្ភ:ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងបានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យជំនាញចំណុះមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកនាយខណ្ឌរដ្ឋបាលជលផល ព្រមទាំងមន្ត្រីរាជការ មន្ត្រីជាប់កិច្ច សន្យាសរុបចំនួន១២៨នាក់ (ស្រី២១នាក់)។
បន្ទាប់ពីមតិបើកអង្គប្រជុំរបស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរួចមក លោក លោកស្រីប្រធានការិយាល័យជំនាញចំណុះមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកនាយខណ្ឌរដ្ឋបាលជលផល បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក ពិសេសបញ្ហាប្រឈមនានា និងសំណូមពររួចមក លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍បូកសរុបលទ្ធផល និងអនុសាសន៍ណែនាំជូនអង្គប្រជុំដូចខាងក្រោម៖
១.លោកបានធ្វើការកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រី ដែលធ្វើឲ្យទទួលបានលទ្ធការងារល្អប្រសើរកន្លងមក។
២.សូមថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ត្រូវមានការសហការ សាមគ្គីភាព និងមានអធ្យាស្រ័យគ្នា ក្នុងការអនុវត្តការងារ ដើម្បីឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានភាពរីកចំរើន។
៣.សូមថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ គោរពវិន័យរបស់អង្គភាពឲ្យបានត្រឹមត្រូវ និងការទទួលខុសត្រូវខ្ពស់។
៤.តាមការិយាល័យជំនាញ និងខណ្ឌទាំងពីរ ត្រូវរៀបចំកិច្ចប្រជុំផ្ទៃក្នុងឲ្យបានទៀងទាត់ ហើយត្រូវមានថ្នាក់ដឹកនាំមន្ទីរចូលរួមផង ដើម្បីតាមដានសកម្មភាពការងារ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ
៥.រៀបចំដោះស្រាយសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជំនាញ និងខណ្ឌ ទៅតាមលទ្ធភាព និងភាពចាំបាច់នៃការប្រើប្រាស់។
៦.ការខ្វះខាតមន្ត្រី សម្រាប់អនុវត្តការងារ គឺមានគ្រប់វិស័យ ហើយវាជាបញ្ហាដែលពិបាកក្នុងការដោះស្រាយ ដូច្នេះសូមថ្នាក់ដឹកនាំធ្វើការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឲ្យអស់ពីលទ្ធភាព។
៧.ចំពោះមន្ត្រីដែលខិតខំប្រឹងប្រែងធ្វើការងារ ហើយទទួលបានលទ្ធផលល្អប្រសើរ នឹងត្រូវទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំ។
សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានប្រារព្ធធ្វើឡើងនៅស្ថានីយស្រាវជ្រាវកសិកម្មទឹកវិល ស្ថិតក្នុងភូមិប្រីយ៍ថ្មីសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។