ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញមកពិនិត្យការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តសៀមរាប
ចេញ​ផ្សាយ ២៦ ឧសភា ២០២៣
108
នៅរសៀលថ្ងៃទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងថ្នាក់ដឹកនាំ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៅស្ថានីយ៍ស្រាវជ្រាវកសិកម្មទឹកវិល។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍តម្រង់ទិសការអនុវត្ត ដោយត្រូវសិក្សាស្វែងយល់ និងរៀបចំគោលនយោបាយកសិកម្មខេត្ត ឱ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់លើការងារស្រាវជ្រាវ តាមដានតម្រង់ទិស ដើម្បីជំរុញផលិតកម្មប្រកបដោយផលិតភាព គុណភាព សុវត្ថិភាព និងតម្លៃទីផ្សារល្អ ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ៕
ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈប្រតិភូ ចុះទៅទស្សនកិច្ចកសិដ្ឋានរបស់លោក ឈាវ ហុង មាន​ទីតាំងនៅភូមិសំរោង​ជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ឯកឧត្តម បានធ្វើការសំណេះសំណាលជាមួយបងប្អូនកសិករ  និងបានណែនាំឱ្យមានសិក្សាបន្ថែមទាំងបច្ចេកទេស និងទីផ្សារ ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង។ ជាមួយគ្នានេះដែរ ត្រូវមានផែនការផលិតកម្មច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារ ដោយមានការពិនិត្យ តាមដាន និងវាយតម្លៃ តាមជាក់ស្តែង ដើម្បីប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយមិនផលិតលើសតម្រូវការដែលនាំឱ្យតម្លៃធ្លាក់ចុះឡើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter