នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាគណៈកម្មការអន្ដរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប រួមជាមួយនឹងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាប បានធ្វើទស្សនកិច្ចស្វែងយល់ពីស្ថានភាពបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តចំនួន៥ ដែលរួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប តាមឧទ្ធម្ភាគចក្រ។ ក្នុងដំណើរទស្សនកិច្ចពីលើអាកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា, អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ, អភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ, អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ពេជ្រ កែវមុនី, និងអភិបាលរងខេត្តសៀមរាប ឯកឧត្តម អ៊ឹង គឹមលាង ព្រមទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
នឹងព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ និងដៃគូវិស័យឯកជន ធ្វើទស្សនកិច្ចនៅសហគមន៍ព្រៃឈើចង្ក្រាន្តរយ ដែលឋិតនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីពិនិត្យមើលពីសក្តានុពលនៃការកែច្នៃ និងអភិវឌ្ឍតំបន់ការពារធនធានធម្មជាតិមួយនេះដោយផ្សារភ្ជាប់វិស័យកសិកម្ម ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត បន្ទាប់ពីតំបន់ប្រាសាទ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ប្រមាណជាងមួយរយនាក់ និងបានពិនិត្យមើលទីតាំង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលមួយចំនួនដែលត្រូវបានរៀបចំ កែច្នៃ និងអភិវឌ្ឍក្នុងរយៈកាលកន្លង ក្រោមការចូលរួមពីប្រជាសហគមន៍ផ្ទាល់ និងថវិកាមូលនិធិពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។