ថ្ងៃសុក្រ ០៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត រៀបចំដាំកូនឈើប្រភេទឈើទាល និង គគីរ ចំនួន២ ៥០០ដើម លើផ្ទៃដី៤ហិចតា ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា បុណ្យរុក្ខទិវានាពេលនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ព្រោះថាព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និង ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និង ផ្តល់នូវផល អនុផលព្រៃឈើជាច្រើន អនេកដល់ប្រជាពលរដ្ឋ ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាននឹងកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ និង រុរានយកដីព្រៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវទង្វើរបស់ខ្លួន រួមទាំងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ ដូច្នេះ យើងត្រូវរួមគ្នាការពារ និង ថែរក្សាព្រៃឈើឲ្យបានគង់វងកសយូរអង្វែង ដោយឈរលើស្មារតីម្ចាស់ការទទួលខុសត្រូវលើជោគវាសនាអនាគតមាតុភូមិយើង សម្រាប់យើងជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ដោយយើងត្រូវស្តារព្រៃឈើ និងការដាំកូនឈើឡើងវិញ ដែលជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យខេត្តសៀមរាបយើង រក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិពណ៌បៃតង ។