ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពដំណាំស្រូវ ដំណាំបន្លែសុវត្ថិភាព និងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចេញ​ផ្សាយ ២៦ តុលា ២០២៣
97

ថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ពុត លឿម លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយលោក ប្រាក់ ម៉ារីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងសហការី បានជូនដំណើរ ឯកឧត្តម ឃុន សាវឿន និងប្រតិភូអមដំណើរអញ្ជើញចុះពិនិត្យ និងស្វែងការងារនៅទីតាំងចំនួន ០៣កន្លែងដូចខាងក្រោម៖

១. ពិនិត្យ និងស្វែងយល់ពីការផលិតគ្រាប់ពូជស្រូវផ្ការំដួល របស់សហគមន៍កសិកម្មសម្រោងមានជ័យ ស្ថិតនៅភូមិបត់ដង្កោ ឃុំសម្រោង ស្រុកសូទ្រនិគម ដែលមានសមាជិកសហគមន៍ចូលរួម ២២នាក់ ស្រី១៥នាក់។ ក្រោយពីបានស្តាប់ការរៀបរាប់របស់តំណាងសហគមន៍លើការងារផលិតគ្រាប់ពូជស្រូវនេះរួចមក ឯកឧត្តមបានផ្តល់ការណែនាំអោយសហគមន៍យកចិត្តទុកដាក់បន្ថែមលើការថែទាំស្រូវ ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលដាក់ទឹកដោះ និងដួលដោយសារមានខ្យល់បោកបក់ខ្លាំងកន្លងទៅថ្មីៗនេះ។ បន្ថែមលើនេះ ឯកឧត្តមបានស្នើសុំអោយបន្តការពង្រឹងលើគុណភាព នៃការផលិតគ្រាប់ពូជដើម្បីរក្សា និងពង្រីកការជឿជាក់របស់អតិថិជនដែលតែងតែមកទិញគ្រាប់ពូជពីសហគមន៍។ ចុងក្រោយឯកឧត្តមក៏បានកោតសរសើរដល់ការប្រឹងប្រែង និងសហការគ្នាបានល្អរបស់សមាជិកសហគមន៍នៅក្នុងការផលិត និងថែទាំស្រូវបានល្អប្រសើរ ដែលតាមការប៉ាន់ស្មាននឹងទទួលទិន្នផលជាមធ្យម ៣,៥០តោន/ហិកតា។

២. ពិភាក្សា និងស្ទាបស្ទង់លើការដាំដុះ និងទីផ្សារបន្លែសុវត្ថិភាពនៅកសិដ្ឋាន ឈាវ ហុង ស្ថិតនៅភូមិបត់ដង្កោ ឃុំសម្រោង ស្រុកសូទ្រនិគម ដោយមានសមាជិកចូលរួម១២នាក់ ស្រី៥នាក់។ តាមរយៈនៃការបង្ហាញត្រួសៗពីផលិតកម្មដំណាំបន្លែ និងទីផ្សារបន្លែសុវត្ថិភាពរបស់ លោក ឈាវ ហុង រួចមក ឯកឧត្តមបានផ្តល់ការណែនាំលើការបែងចែកការដាំដុះដំណាំនៅក្នុងសហគមន៍ អោយបានស៊ីសង្វាក់ទៅនឹងតម្រូវការទីផ្សារ ជៀសវាងការជុញកកស្ទះ ឬតម្លៃចុះថោកនៅពេលប្រមូលផល។ ជាមួយគ្នានោះ ឯកឧត្តម ប៉ែន ផល្លីកា ក៏បានរំលឹកបន្ថែមពីការកើនឡើងនៃភ្ញៀវទេសចរណ៍នៅចុងឆ្នាំនេះ និងឆ្នាំក្រោយ ដែលនឹងបង្កើនតម្រូវការផលិតកសិកម្មនៅតាមភោជនីដ្ឋាន និងសណ្ឋាគារ។ បន្ទាប់ពីបានចូលមើលផ្ទាល់នៅក្នុងរោងសំណាញ់ ដាំបន្លែសុវត្ថិភាពមក ឯកឧត្តម ឃុន សាវឿន បានថ្លែងអំណរគុណ កោតសរសើរ និងលើកទឹកចិត្តដល់កសិករ ឈាវ ហុង អោយបន្ត និងពង្រីការដាំដុះបន្លែសុវត្ថិភាពនេះ អោយបានកាន់តែល្អប្រសើរបន្ថែមទៀត។

៣. ស្វែងយល់ និងតម្រង់ទិសដល់សមាជិកនៃសហគមន៍ព្រៃឈើ ទឹកជប់ខ្នារពោធិ៍ ស្ថិតនៅភូមិខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ដោយមានសមាជិកចូលរួម ១០នាក់ ស្រី ២នាក់។ ប្រធានសហគមន៍បានលើកឡើងថា សហគមន៍នេះ ជាសហគមន៍ទេសចរណ៍ព្រៃកោងកាងគោក ដែលសមាជិកសហគមន៍ទទួលបានចំណូល មួយចំនួនពីវិស័យទេសចរណ៍ ប៉ុន្តែសហគមន៍មានបញ្ហាមួយចំនួនដែលស្នើសុំឯកឧត្តមជួយដោះស្រាយ ដូចជាការផ្តល់វគ្គបណ្តុះបណ្តាល ការសាងសង់ស្ពានដើកំសាន្ត ការស្តារប្រឡាយទឹក និងការសាងសង់កញ្ចុះបន្ថែមជាដើម។ ជាមួយនឹងសំណើនេះ ឯកឧត្តមបានប្រគល់ភារកិច្ចដោះស្រាយជូនទៅ ខណ្ឌរដ្ឋបាលព្រៃឈើ លើចំនុចណា ដែលពាក់ព័ន្ធ និងអាចដោះស្រាយបាន ចំពោះបញ្ហាដែលនៅសល់ ខាងសហគមន៍សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយ។ ចុងក្រោយឯកឧត្តមបានថ្លែង អំណរគុណដល់សហគមន៍ដែលមកសម្តែងការស្វាគមន៍ និងចូលរួមផ្តល់ការយល់ដឹងលើការងារសហគមន៍នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter