ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជណ្ដើរត្រីទី១ តម្លៃជិត១០ម៉ឹនដុល្លាអាមេរិក ក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) នៅឃុំស្រណាល ស្រុកក្រឡាញ់ ។
ចេញ​ផ្សាយ ០២ វិច្ឆិកា ២០២៣
105

ថ្ងៃពុធ៣រោច ខែអស្សុជ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៣

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត  លោក ធិននី សុទ្ធី​ នាយខណ្ឌរដ្ឋបាលជលផល និងសហការីបានចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជណ្តើរត្រីទី១ ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ និងត្រូវសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌល អូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្ម អន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម  រុក្ខា ប្រមាញ់ និងនេសាទ  ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត  ឯកឧត្តម ចាស្ទីន វ៉ាយអេត អគ្គ រាជទូតអូស្ត្រាលីប្រចាំកម្ពុជា   និងអញ្ជើញចូលរួមពីរដ្ឋបាលជលផល  ក្រសួងធនធានទឹក និងឧតុរនិយម  ក្រសួងអភិវឌ្ឍជនបទ រដ្ឋបាលសាលាខេត្ត   មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកក្រឡាញ់ និងប្រជាពលរដ្ឋឃុំស្រណាលយ៉ាងច្រើនកុះករផងដែរ។ ជណ្តើរត្រីនេះបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជនដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះ គេបានសិក្សាឃើញថាអាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។ បើតាមឯកឧត្តម ចាស្ទីន វ៉ាយអេត បានថ្លែងថា៖ ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥,០០០គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង១០០ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។ សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានបន្ថែមថា៖ ចាប់តាំងពីឆ្នាំ ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវ អូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល។  សាស្ត្រាចារ្យ Umberger បានបញ្ជាក់ទៀតថា៖ ការច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូស្រាវជ្រាវទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទ ដែលពឹងផ្អែកលើត្រីសម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ ហើយខ្ញុំរីករាយដែលឃើញបច្ចេកវិទ្យានេះត្រូវបានពង្រីកបន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប ។ ចំពោះឯកឧត្តម ឃុន សាវឿន បានលើកឡើងថា៖ ក្រុមអ្នកវិទ្យាសាស្ត្រជលផល និងវិស្វករប្រព័ន្ធធារាសាស្ត្រកម្ពុជា កំពុងធ្វើការជាមួយប្រទេសម្ចាស់ជំនួយ ជាពិសេសប្រទេសអូស្ត្រាលី ដើម្បីជំរុញបច្ចេកវិទ្យាផ្លូវសម្រាប់ត្រីហែលនៅក្នុងតំបន់មេគង្គ។ ការងារនេះមានសារៈសំខាន់ណាស់សម្រាប់ការពារចំនួនត្រី ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតាមជនបទក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ជួសមុខឱ្យក្រុមការងារគម្រោងបច្ចេកវិទ្យាជលផលនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech) សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាក់ព័ន្ធព្រមទាំង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលតែងតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់កិច្ចដំណើការប្រព្រឹត្តិទៅនៃការសាងសង់ជណ្តើរត្រីបង្ហាញទំនប់ស្លែងក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមគាំទ្រនូវគំនិតផ្តួចផ្តើមចម្រុះដែលជំរុញដល់ការអភិវឌ្ឍប្រកបដោយចីរភាពលើវិស័យធនធានទឹកសម្រាប់ធារាសាស្រ្តកសិកម្ម និងធនធានជលផលនៅអាងស្ទឹងនានា ក៏ដូចជាការអភិវឌ្ឍទីជម្រាលនានានៃភូមិសាស្រ្តជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជាដែលមានទាំងទឹកសម្រាប់ស្រោចស្រព និងធនធានត្រីនូវតែសម្បូរសម្រាប់យើងទាំងអស់គ្នា។ គួរបញ្ជាក់ផងដែរ ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប។

 

 

ចំនួនអ្នកចូលទស្សនា
Flag Counter