នៅព្រឹកថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧សៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដែលប្រារព្ធធ្វើនៅ សាលប្រជុំស្ថានីយពិសោធន៍ស្រាវជ្រាវកសិកម្មទឹកវិល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល តំណាងក្រុមហ៊ុន អាជីវករ មន្ត្រីរាជការ និងមន្ត្រីនិវត្តន៍ជននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមាណ ៣៥០នាក់ចូលរួមផងដែរ ។
នាឱកាសបើកអង្គសន្និបាទឯកឧត្តម អ៊ឹង គឹមលាង ក៏បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាការិយាល័យជំនាញ និងខណ្ឌទាំង២ សម្រេចបានក្នុងរយៈពេល មួយឆ្នាំមកនេះ ។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ និងត្រូវពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង កម្មវិធីជាតិរបស់ក្រសួង-ស្ថាប័ នពាក់ព័ន្ធ ដោយបន្ស៊ីគ្នានឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
បន្ទាប់មកអង្គសន្និបាតទាំងមូលបានស្តាប់ដោយយកចិត្តទុកដាក់នូវបទបង្ហាញចំនួន ៤ ដែលជាវិស័យមានអាទិភាព រួមមាន វិស័យកសិកម្ម វិស័យផលិតកម្មនិងបសុព្យាបាល វិស័យព្រៃឈើ និងវិស័យជលផល ព្រមទាំងពិភាក្សាយ៉ាងល្អិតល្អន់និងស៊ីជម្រៅលើ បទពិសោធន៍ បញ្ហាប្រឈម និងកាលានុវត្តភាព និងកំណត់ទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ឋសាស្រ្តអភិវឌ្ឍវិស័យ កសិកម្ម និងផែនការវិនិយោគរបស់រដ្ឋបាលខេត្តសៀមរាប រួចមក លោក ទា គឹមសុទ្ធ ប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ធ្វើសេចក្តីរាយការណ៍បូកសរុបលទ្ធផលអង្គសន្និបាតដែលសម្រេចបានយ៉ាងគាប់ប្រសើរ។