ថ្ងៃសៅរ៍ ១០កើតខែ បុស្សឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤ លោកហៃ វាសនា អនុប្រធានមន្ទីរ និងសហការី ចុះអមដំណើរ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកខេត្តសៀមរាប ដឹកនាំក្រុមការងារពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំងរបស់ប្រជាកសិករ នៅក្នុងឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដែលកំពុងរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងបណ្តាលឱ្យដំណាំស្រូវប្រមាណ ១៦០ហិកតា ស្វិតស្រពោន។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង ឯកឧត្ដម ឃុន សាវឿន បានណែនាំដល់ប្រជាកសិករដែលជាម្ចាស់ស្រែ ឱ្យដាំដុះដំណាំស្រូវឱ្យទាន់ពេលវេលា និងប្រើប្រាស់ទឹកដោយសន្សំសំចៃឱ្យបានត្រឹមត្រូវទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំស្រូវ។ ជាវិធានការនិងដំណោះស្រាយបន្ទាន់លើបញ្ហានេះ ឯកឧត្ដមបានប្រាប់ដល់អាជ្ញាធរនៅតំបន់នោះដាក់ពាក្យស្នើសុំបញ្ចូលទឹកពីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ជួយបញ្ចេញទឹកពីស្ទឹងសៀមរាប មកកាន់ស្ទឹងព្រះស្រុក ដើម្បីឱ្យកសិករមានទឹកស្រោចស្រពស្រែជាបន្តទៀត។ មន្ទីរកសិកម្ម បានចាត់មន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរ ដើម្បីតាមដានផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនេះផងដែរ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម