ថ្ងៃអាទិត្យ២កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាល លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល និងលោកនាយរងខណ្ឌ មន្ត្រីខណ្ឌរដ្ឋបាលជលផល បានចូលរួមពិធីបុណ្យឡើងមាឃ និងចាប់ត្រីសាមគ្គីសហគមន៍ក្នុង បឹងបង្កោង ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដែលពិធីនេះប្រព្រឹត្តជារៀងរាល់ឆ្នាំ ពេលប្រមូលផលស្រូវរួចរាល់ហើយ គេចាប់ផ្តើមធ្វើបុណ្យឡើងមាឃ និងធ្វើពិធីបុណ្យចាប់ត្រីក្នុងបឹងនេះតែម្តង ការធ្វើពិធីបុណ្យចាប់ត្រីនេះ មិនមែនទើបតែ២-៣ឆ្នាំនេះទេ គឺតាំងពីបុរាណមកម្លេះ។ គួរបញ្ចាក់ផងដែរ អ្នកមកចូលរួមធ្វើបុណ្យចាប់ត្រីនៅក្នុងបឹងបង្កោងជារៀងរាល់ឆ្នាំនេះ មិនតិចជាង១០០០នាក់នោះទេ ហើយក្នុង១នាក់អាចចាប់ត្រីបានប្រមាណពី២-៥គីឡូក្រាមក្នុង១គ្រួសារ ហើយមួយចំនួនធំសម្រាប់ធ្វើម្ហូបក្នុងពិធីបុណ្យភូមិ ប្រភេទត្រីៈដែលចាប់បានរួមមាន៖ ត្រីរ៉ស់ ត្រីអណ្តែង ត្រីតាអោនប ត្រីស្លាត ត្រីក្រាញ់ ត្រីកន្ត្រប់ ត្រីកំភ្លាញ និងត្រីកញ្ចុះជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម