សៀមរាប៖ ថ្ងៃពុធ៤រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកគង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក សុត សាណារិទ្ធ ប្រធានការិយាល័យកៅស៊ូ បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សហគមន៍កសិកម្មកៅស៊ូគ្រួសារគោកដូងអង្គរជុំ ដែលប្រព្រឹត្តទៅនៅឃុំគោកដូង ស្រុកអង្គរជុំ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ ស៊ីនេត អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កៅស៊ូ នៃអគ្គនាយកដ្ឋានកៅស៊ូ លោក ភន់ សុខុម អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំ តំណាងអង្គការបន្ទាយស្រី តំណាងអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ អាជ្ញាធរភូមិ ឃុំ និងសមាជិក សមាជិកា សហគមន៍កសិកម្ម ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំ បានបង្ហាញឲ្យឃើញថា សហគមន៍កសិកម្មបានប្រកបមុខរបរអាជីវកម្មដើម្បីជួយដល់ប្រជាកសិករជាសមាជិក ដូចជា ផ្គត់ផ្គង់ធាតុចូលកសិកម្ម លក់ទឹកឃ្មុំ និងសម្របសម្រួលលក់ជ័រកៅស៊ូ ជាដើម។ បន្ទាប់ដកចំណាយថ្លៃដើម និងចំណាយរដ្ឋបាល សហគមន៍កសិកម្មទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៧លានរៀល ដើម្បីធ្វើការបែងចែកទៅតាមគោលការណ៍ ដែលមានចែងក្នុងលក្ខន្តិកៈសហគមន៍កសិកម្ម។ ក្នុងឆ្នាំ២០២៤ សហគមន៍កសិកម្មបានចូលរួមធ្វើការដេញថ្លៃបន្លែ ត្រី សាច់ ដើម្បីផ្គត់ផ្គង់ទៅតាមសាលារៀន នៅតាមបណ្តាឃុំ នេះជាផែនការសកម្មភាពអនុវត្តថ្មី មួយទៀតបន្ថែមពីលើមុខរបរដែលមានស្រាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម