សៀមរាប៖ ថ្ងៃពុធ៤រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ប៉ុក តារា ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដឹកនាំកម្លាំងចំរុះរួមមាន៖ តំណាងរដ្ឋបាលជលផល តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលសៀមរាប នឹងសហការី លោកអភិបាលរងស្រុកសូទ្រនិគម កំលាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះអនុវត្តដីការឆែកឆេរទីតាំងរោងសិប្បកម្មកែឆ្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍ឆក់ តាមដីការលេខ ១១៩១ "ឃ"ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយលោក ឃី ឆៃ អនុប្រធានសាលាដំបូងខេត្តសៀមរាប។ ជាលទ្ធផលក្រុមការងារបានរកឃើញវត្ថុតាងដែលពាក់ព័ន្ធក្នុងការផលិត និងទិញលក់ឧបករណ៍ឆក់ត្រីដូចខាងក្រោម៖ត្រង់ស៊ីសស្ទឺ ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រុំដុំភ្លើង ប្រអប់ផ្គុំ(ដុំស្នូក) និងទូរស័ព្ទដៃ។ ក្រោយពីការឆែកឆេរត្រួតពិនិត្យរួចក្រុមការងារបានឃាត់ខ្លួនជនសង្ស័យមួយរូបមានឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅ ភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាម្ចាស់ទីតាំងខាងលើ ក្រោយពីធ្វើការឃាត់ខ្លួនសួរចំលើយ រួចក្រុមការងារបានសម្រេចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់ស្តីពីជលផល ។សូមបញ្ជាក់ថា ជនសង្ស័យបានផលិត លក់ ចែកចាយទៅតាមបណ្តាខេត្តមាន ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង ខេត្តត្បូងឃ្មុំ សរុប៦ខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម