សៀមរាប៖ ថ្ងៃចន្ទ២កើត ខែផល្គុន ឆ្នំាថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម តំណាង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចូលរួមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបខេត្តសៀមរាប នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ដោយមានការអញ្ជើញចូលរួមពីលោក ស្រី សុខាភារម្យ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក ភឿក ប៊ុនសុង អភិបាលរង នៃគណអភិបាលស្រុកស្វាយលើ នឹងមានការអញ្ជើញចូលរួមពីលោក គង់ ពិសិទ្ធ ប្រធានការិយាល័យចុះបញ្ជី និងជំរុញសហគមន៍កសិកម្ម លោក ស៊ឹម បូរាមី ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម លោក សួន សិលា ទីប្រឹក្សាកម្មវិធី ASPIRE - ATខេត្តសៀមរាប អាជ្ញាធរឃុំ ភូមិ ប្រជាកសិករដាំដុះស្រូវនាងអំចំនួនប្រមាណ ៥០ នាក់។ មហាសន្និបាតកំណើតនេះ បានពិភាក្សាដោយមានការចូលរួមយ៉ាងពេញលេញពីប្រជាកសិករ និងបានសម្រេចលើចំនុចមួយចំនួនដូចខាងក្រោម៖ ១-បោះឆ្នោតជ្រើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មចំនួន ៥រូប ២-បោះឆ្នោតជ្រើសរើសគណៈកម្មការត្រួតពិនិត្យ ចំនួន ៣រូប ៣-ឈ្មោះសហគមន៍កសិកម្មទំនើបស្រូវនាងអំ ៤-អាសយដ្ឋាន ភូមិ សែនជ័យ ឃុំកន្ទួត ស្រុកស្វាយល ៥-កំណត់ដីផលិតកម្ម ១ហិកតា ស្មើ ១០ហ៊ុន ប្រាក់សមាជិកភាពប្រចាំឆ្នាំ ១នាក់ ស្មើ១០ម៉ឺនរៀល ៦-គោលការណ៍នៃការបែងប្រាក់ចំណេញសុទ្ធ និងការងារផ្សេងទៀត។ បន្ទាប់ពីដំណើរការត្រូវបានបញ្ចប់ ក្រុមការងារជំនាញនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម បានណែនាំឲ្យថ្នាក់ដឹកនាំ ដែលទើបតែជាប់ឆ្នោតថ្មី ត្រូវរៀបចំសំណុំឯកសារពាក់ព័ន្ធស្នើសុំចុះបញ្ជីទទួលស្គាល់ ដោយតម្រូវឲ្យមានហត្ថលេខាទទួលស្គាល់ពី អាជ្ញាធរឃុំ ស្រុក រួចបញ្ជូនមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចេញវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ ទើបសហគមន៍កសិកម្មទំនើបនេះ មានលក្ខណៈស្របច្បាប់ពេញលេញ។