ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប
ចេញ​ផ្សាយ ២៦ មីនា ២០២៤
87

ខេត្តសៀមរាប៖ ថ្ងៃអង្គារ ២រោច ខែផល្គុន  ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារសហគមន៍កសិកម្មទំនើប បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានណែនាំទៅតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតនៅភូមិសែនជ័យ ខេត្តសៀមរាប ដែលទើបនឹងទទួលបានកម្ចីពីធនាគារវីងចំនួន១០ម៉ឺនដុល្លារ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយធានាគារគិតអត្រាការប្រាក់ទាប ដើម្បីងាយស្រួលឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ យកទៅចំណាយផ្សេងៗលើការដាំដុះស្រូវនាងអំ។

ឯកឧត្តមមានប្រសាសន៍ថា ប្រជាសហគមន៍កសិកម្មទំនើបស្រូវនាងអំ ដែលទើបនឹងទទួលបានថវិកាពីធនាគារវីង ត្រូវធ្វើចាត់ចែងចំណាយថវិកានោះឱ្យមានប្រយោជន៍ក្នុងការភ្ជួរដី កែលម្អដី សម្រាប់ដាំស្រូវ នាងអំដើម្បីកុំឱ្យខាត។ បន្ថែមពីនេះ ឯកឧត្តមលើកទឹកចិត្តដល់ប្រជាសហគមន៍ត្រូវជ្រើសរើសពូជសុទ្ធមានស្តង់ដារតែមួយ ដើម្បីឱ្យស្រូវដែលផលិតបានលក់បានតម្លៃខ្ពស់នៅលើទីផ្សារ។

ឯកឧត្តមបញ្ជាក់ថា ក្រុមការងារក្រសួងកសិកម្មក៏បានចាត់ចែងមន្ត្រីជំនាញបច្ចេកទេសឱ្យនៅកៀកកិតប្រជាសហគមន៍កសិកម្មទំនើបជាប្រចាំ ដើម្បីជួយដល់ប្រជាសហគមន៍ឱ្យដាំស្រូវទទួលបានទិន្នផលខ្ពស់ ដោយសារសហគមន៍កសិកម្មទំនើបនេះត្រូវផ្សារភ្ជាប់ទៅរកទីផ្សារមុននឹងធ្វើការផលិត។

អ្វីដែលគួរឱ្យកត់សំគាល់ ឯកឧត្តម ឃឹម ហ្វីណង់ អះអាងថា ក្រសួងកសិកម្មនឹងធ្វើការកៀគរដៃគូអភិវឌ្ឍន៍នានា ជាពិសេសក្រុមហ៊ុនធំៗឱ្យមកចុះMOU ដើម្បីទទួលទិញស្រូវនាងអំពីប្រជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យប្រជាសហគមន៍លក់បានតម្លៃខ្ពស់នៅលើទីផ្សារ និងទទួលបានផលចំណេញច្រើនស្របតាមផែនការដែលបានរំពឹងទុក៕

ចំនួនអ្នកចូលទស្សនា
Flag Counter