មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និមន្តព្រះសង្ឃប្រោះព្រំចំរើនសិរីសួស្តី សម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ចេញ​ផ្សាយ ១១ មេសា ២០២៤
45

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះមន្ទីរ បានរៀបចំនិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្តប្រោះព្រំសិរីសួស្តីជ័យមង្គល និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃដើម្បីសុំសេចក្តីសុខចម្រើន និងអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ លោក ទា គឹមសុទ្ឋ បានឱ្យដឹងថា៖ដូចរាល់ៗឆ្នាំឱ្យតែពេលមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ មន្ទីរតែងតែរៀបចំកិច្ចនិមន្តព្រះសង្ឃសូត្រជ័យន្តោ ប្រោះព្រំសុំសិរីសួស្តី សេចក្តីសុខគ្រប់ប្រការ និងមានរាំរបាំត្រុដិ ជានិមិត្តដើម្បីដេញឧបទ្រុបចង្រៃពីឆ្នាំចាស់ ទទួលយកសិរីបវរមហាប្រសើរក្នុងឆ្នាំថ្មី ទៅតាមលំអានព្រះពុទ្ឋសាសនា ប្រណៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីបុរមបុរាណមកម្ល៉េះ ។លោក បានមានប្រសាសន៍ថា៖កិច្ចនៃពិធីនេះមានសារសំខាន់ណាស់ បង្ហាញនូវភាពកត្តញ្ញូដល់បុព្វការីជនហើយ ក្នុងនាមយើងជាពុទ្ឋសាសនិក និងជាកូនខ្មែរ គឺត្រូវស្គាល់បុណ្យ ស្គាល់បាប គុណទោស តាមរយៈ ការគោរពប្រតិបត្តិចំពោះព្រះសង្ឃ ចំពោះប្រមុខដឹកនាំប្រទេស ចាស់ព្រឹទ្ឋាចារ្យ និងដឹងគុណតបគុណ នាពេលនេះក៏ដូចជាក្នុងពិធីផ្សេងៗទៀត ។ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោក ទាគឹមសុទ្ឋ បានសម្តែងការអរគុណនិងប្រសិទ្ឋពរជ័យសិរីមង្គលចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ក្នុងពេលកន្លងមកបានខិតខំបំពេញការងារភារកិច្ចដោយមិនគិតពីការនឿយហត់និងសម្រេចបានលទ្ឋផលល្អជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់៕

ចំនួនអ្នកចូលទស្សនា
Flag Counter