សៀមរាប៖ ថ្ងៃព្រហស្បតិ៍១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងលោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានដឹកនាំផ្នែករដ្ឋបាលជលផលចុងឃ្នៀស ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសង្កាត់រដ្ឋបាលជលផលពួកអមដំណើរឯកឧត្តម ប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ សមាសភាពចូលរួមៈអធិការដ្ឋាននគរបាលរដ្ឋបាលស្រុកពួក សហគមន៍នេសាទចុងឃ្នៀស សហគមន៍នេសាទកែវពណ៌ សហគមន៍នេសាទខ្នាត សរុប២៩នាក់ និងកាណូតចំនួន០៤គ្រឿង។ ក្រុមការងារបានឯកភាពគ្នាកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលនេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ និងលើសប្រវែងកំណត់ បានចំនួន០១ករណី។ ក្នុងនោះវត្ថុតាងមាន៖ ក្បាលលប ចំនួន១០គ្រឿង របាំងសាច់អួន ប្រវែង១៥០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម និងព្រលែងកូនត្រីចម្រុះចំនួន ៣០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម