ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រគល់កូនឈើចំនួន ១០០០ ដើមដល់ក្រុមហ៊ុនសិប្បករអង្គរ ខេត្តសៀមរាប។
ចេញ​ផ្សាយ ៣០ សីហា ២០២៤
44

សៀមរាប៖ ថ្ងៃព្រហស្បតិ៍១០រោច ខែស្រាពណ៌ ឆ្នំារោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា  រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។  បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រីបានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។

គួរបញ្ជាក់ជូនថា ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter