សៀមរាប៖ ថ្ងៃសុក្រ១៣កើត ខែមិគសិរ ឆ្នំារោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផល បានអមដំណើរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយលោកអភិបាលរងខេត្ត លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការឯកឧត្តមប្រតិភូទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល កំលាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលប្រចាំស្នាក់ការកំពង់ភ្លុក លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោកមេឃុំកំពង់ភ្លុក។ នាឱកាសនោះប្រជាពលរដ្ឋបានលើកឡើងពីស្ថានភាពផលត្រីឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ហើយប្រភេទត្រីមួយចំនួនដែលបាត់មុខច្រើនឆ្នាំមកហើយឃើញមានមកវិញដូចជាប្រភេទត្រី គ្រំ ឆ្កោក ព្រួល ក្អែក គល់រាំង លលក ស ដៀប តាអោន ហើយប្រភេទត្រីដែលធ្លាប់មានកន្លងមកក៍ឃើញមានចំនួនកើនឡើងដែរ។ ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ សប្បាយរីករាយ និងសូមថ្លែងអំណរអរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួម និងអាជ្ញាធរមូលដ្ឋាន ជាពិសេសសមត្ថកិច្ចជលផលព្រមទាំងក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលប្រចាំស្នាក់ការកំពង់ភ្លុក ដែលបានខិតខំបំពេញការងារទប់ស្កាត់និងបង្រ្កាបបទល្មើសក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបាននាំយកនូវអំណោយចែកជូនប្រជាពលរដ្ឋដែលបានចូលរួមចំនួន១២០នាក់ ដោយក្នុង១នាក់ៗទទួលបានពិលជួតក្បាលចំនួន១ និង ក្រម៉ាចំនួន០១។ ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តី បានបន្តសំណេះសំណាលសួរសុខទុក្ខក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសជលផលថ្នាក់ជាតិប្រចាំស្នាក់ការកំពង់ភ្លុក និងនាំយកនូវអំណោយ ដ៍ថ្លៃថ្លារបស់ឯកឧត្តមជូនដល់ក្រុមអន្តរាគមន៍រួមមាន ៖ ថវិកា ៥ ០០០ ០០០ រៀល ប្រេងម៉ាស៊ូត ១ ០០០ លីត្រ អង្ករចំនួន ៤ បាវ សាច់ជ្រូក ១៥ គីឡូក្រាម និងបន្លែចំរុះចំនួន ៤០ គីឡូក្រាម។