សៀមរាប៖ ថ្ងៃអង្គារ៨រោច ខែបុស្ស ឆ្នំារោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និង លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការីបានជូនដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងការលក់ដូរស្រូវ នៅភូមិទទា ឃុំស្ពានត្នោត និង ការលក់ធាតុចូលកសិកម្ម និងដំណើរការរបស់រោងម៉ាស៊ីនកិនស្រូវ នៅស្រុកជីក្រែង ដោយមានការចូលរួមពីលោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុកជីក្រែង និងថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរភូមិ ឃុំ និងប្រជាកសិករ អាជីវករ សរុប ៦៧នាក់ ស្រី២៩នាក់។ ក្រោយពីបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ នៅលើទីវាលស្រែកំពុងប្រមូលផលស្រូវរបស់ពួកគាត់ ពាក់ព័ន្ធនឹងក្តីកង្វល់ជុំវិញបញ្ហាស្រូវមានតម្លៃទាបជាងមុន និង បញ្ហាទឹកមិនគ្រប់គ្រាន់រួចមក ឯកឧត្តមបានមានមតិសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖
១-ពន្យល់បង្ហាញពីស្ថានភាពទីផ្សារស្រូវនៅពេលតម្លៃស្រូវឡើងខ្ពស់ដែលមានកត្តាសំខាន់ដោយសារប្រទេសឥណ្ឌាបិទ ការនាំចេញអង្ករទៅលើទីផ្សារពីភពលោក និងស្ថានភាពទីផ្សារស្រូវនាពេលបច្ចុប្បន្នគឺប្រទេសឥណ្ឌាបានបើកការនាំអង្ករចេញទៅលើទីផ្សារពិភពលោកឡើងវិញដែលធ្វើអោយតម្លៃស្រូវមានការធ្លាក់ចុះជាងពីឆ្នាំមុន។
២-បង្ហាញពីសារៈប្រយោជន៍នៃការចូលរួមជាមួយសហគមន៍កសិកម្មទំនើប ដែលនឹងផ្តល់ផលប្រយោជន៍ច្រើនដល់កសិកររួមមាន ការផ្តល់ឥណទានការប្រាក់ទាប ជាមួយនឹងការធានារ៉ាប់រងឥណទានជំនួសកសិករ ការទិញធាតុចូលក្នុងតម្លៃថោក ការប្រើប្រាស់ពូជជាតិមានតម្លៃខ្ពស់ ការធ្វើកិច្ចសន្យាធានាថ្លៃនៅពេលប្រមូលផល ការធានាលើបទដ្ឋានបច្ចេកទេស ការប្រើប្រាស់ដីសមស្របនឹងបរិមាណទឹកដែលមាន និងមានផលប្រយោជន៍ផ្សេងៗទៀតដែលពួកគាត់នឹងទទួលបាន។
៣-សូមក្រុមអាជីវករជាអ្នកលក់ធាតុចូល និងរោងម៉ាស៊ីនយោគយល់ដល់ស្ថានភាពបញ្ហាទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ន និងជួយជ្រោមជ្រែងយោគយល់ដល់ប្រជាកសិករដែលពួកគាត់បានមកបណ្តាក់ធាតុចូលដូចជាជី ថ្នាំកសិកម្ម។ក្រោយពីបានស្តាប់អនុសាសន៍ពន្យល់ និងណែនាំ ផ្សព្វផ្សាយរបស់ឯកឧត្តមរួចមក ប្រជាកសិករ និងអាជីវករមានការសប្បាយរីករាយ និងសន្យារួមគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំនេញនៅពេលក្រោយ។