លោក សំាង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងសហការី ចុះពិនិត្យស្ថានភាពដំណាំស្រូវប្រាំង ក្នុងភូមិសាស្រ្តក្រុងសៀមរាប។
ចេញ​ផ្សាយ ២៤ មករា ២០២៥
20

សៀមរាប៖ ថ្ងៃសុក្រ១១រោច ខែបុស្ស ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នំា២០២៥ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក តាន់ជាយុទ្ធថា អនុប្រធានការិយាល័យ បានចុះពិនិត្យស្ថានភាពដំណាំស្រូវប្រាំងនៅសង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានប៉ះពាល់ដោយការខ្វះទឹក ស្ថិតនៅប៉ែកខាងក្រោមនៃប្រភពទឹកយកចេញពីស្ទឹងសៀមរាប។ តាមរយៈការពិនិត្យ ជាមួយមេភូមិ ប្រជាកសិករជាម្ចាស់ស្រែ និងអ្នកគ្រប់គ្រងចែកចាយទឹករបស់សហគមន៍ប្រើប្រាស់ទឹកឃើញថា ទឹកបានបញ្ជូនចេញពីស្ទឹងសៀមរាប តាមទ្វារទឹកស្ថិតនៅខាងកើតនៃទំនប់ទឹកអាងក្រពើ ដោយហូរឆ្លងកាត់សង្កាត់សាលាកំរើក សង្កាត់ជ្រាវ ទើបធ្លាក់ទៅដល់ភូមិប្រលាយ សង្កាត់សៀមរាប និងបន្តហូរចែកចាយទៅតំបន់ដែលកំពុងខ្វះទឹកស្ថិតនៅភូមិអារញ្ញ។ កាលពីម្សិលមិញ និងថ្ងៃនេះ ទឹកបានហូរដល់តំបន់ប៉ះពាល់ និងប្រជាកសិករបាន និងកំពុងបូមទឹកបញ្ចូលស្រែជាបណ្តើរៗ ម្តងម្នាក់ដោយសារទឹកមានបរិមាណតិចតួចនៅឡើយ ហើយដំណាំស្រូវក៏ត្រូវបាន និងកំពុងសង្គ្រោះផងដែរ។ ក្នុងករណីខាងអាជ្ញាធរជាតិអប្សរា នៅបន្តបើកទឹកបញ្ចេញពីស្ទឹងតាមការស្នើសុំរបស់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានក្នុងរយៈពេលមួយថ្ងៃទៀត ដំណាំស្រូវប៉ះពាល់ដោយខ្វះទឹកទាំង១០៥ហិកតា នឹងត្រូវបានសង្គ្រោះទាំងស្រុង។

ចំនួនអ្នកចូលទស្សនា
Flag Counter